នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧០គ្រួសារ នៅ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះគ្រោះធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះ ក្នុងស្ថានភាព ដែលជីវភាពកំពុងតែជួបលំបាកដោយវិបត្តិកូវីដ-១៩ ផង ស្រាប់តែត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់ថែមទៀត ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាល សម្តេចលោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនាឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនតាមវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣កុំ ៣ការពារ” ជាពិសេស ត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពគ្រប់ៗគ្នា ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ឲ្យជៀសវាងពីជំងឺដ៏ប្រល័យនេះ។ បន្ថែមពីនេះ សូមបងប្អូន ដែលមានសមាជិក សង្ស័យ ឬមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងករណីវិជ្ជមាន ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការ បានទាន់ពេលវេលា និងទប់ស្កាត់ការឆ្លងរាលដាលពីសហគមន៍មួយទៅសហគមន៍មួយទៀត។
គូរបញ្ជាក់ថា អំណោយមនុស្សធម៌ផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង៧០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ២៥គីឡូក្រាម , មី ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង , ឃីត១ និងថវិកា១០០,០០០ រៀល៕

