នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ដែលជាអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ១១២គ្រួសារ នៅក្នុងភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាឱកាសនោះ ឯកឧត្តម បានលើកឡើងពីស្ថានភាពពិភពលោកបច្ចុប្បន្ន ដែលកំពុងឆ្លងរីករាលខ្លាំងដោយសារជំងឺកូវីដ-១៩ដោយឡែកសម្រាប់កម្ពុជា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់បំផុតក្នុងការដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ។
ក្នុងភារកិច្ចចាំបាច់បានណែនាំឲ្យអាជ្ញាធមូលដ្ឋានត្រូវធ្វើការសិក្សាពីលទ្ធភាពក្នុងការបង្រួមតំបន់ហាមឃាត់ឲ្យនៅតូច ហើយបើកទូលាយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលប្រកបមុខរបអាជីវកម្មផ្សេងៗ។
បន្ថែមលើនេះឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ
ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នា អនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការ៣ការពារ និង៣កុំ តាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ដូចក្រសួងសុខាភិបាលក្នុងនោះគឺត្រូវពាក់ម៉ាស ត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ត្រូវរក្សាគម្លាតបុគ្គល កុំទៅកន្លែងដែលមានមនុស្សច្រើនកកកុញកុំចាប់ដៃគ្នា ឬឱបថើបគ្នា និងកុំចូលទីកន្លែងបិទជិតគ្មានខ្យល់ចេញចូល។

