ព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១
ឯកឧត្តមគង់សោភ័ណបានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាលការកំណត់អត្តសញ្ញាណគ្រួសារក្រុមគោលដៅ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងក្រុងតាខ្មៅ ដែលរៀបចំដោយមន្ទីរផែនការខេត្ត ក្រោមការគាំទ្របច្ចេកទេសពីក្រុមការងារក្រសួងផែនការ តាមប្រព័ន្ធវិដេអូសន្និសីទ (Zoom Meeting)។
សូមជម្រាបជូនថា ចាប់តាំងពីដើមឆ្នាំ២០២០មក ព្រះរាជាណាចក្រកម្ពុជាយើងបានរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ បានរីករាលដាលកាន់តែខ្លាំង ដែលបង្ខំឲ្យរាជរដ្ឋាភិបាលសម្រេចធ្វើការបិទខ្ទប់តំបន់មួយចំនួន ក្នុងនោះក្រុងតាខ្មៅក៏ត្រូវបានបិទខ្ទប់ផងដែរ។
ដើម្បីជួយសម្រាលនូវការលំបាករបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបការលំបាក ដូចជាការកំណត់សញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០មក រហូតដល់បច្ចុប្បន្ន។
ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំវិធានការគោលនយោបាយជំនួយសង្គម ក្នុងគោលបំណងជួយដោះស្រាយការលំបាករបស់គ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប រស់នៅក្នុងភូមិសាស្រ្ត នៃតំបន់ដែលបានអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ មានដូចជា ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ព្រមទាំងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។
ខេត្តកណ្តាល មានក្រុងតាខ្មៅ ទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាលតាមរយៈជំនួយសង្គមជួយឧបត្ថម្ភប្រជាពលរដ្ឋដែលមានជីវភាពទាប និងប្រជាពលរដ្ឋក្រីក្រជាក់ស្តែង។ ហេតុដូច្នេះ សូមឱ្យភាគីពាក់ព័ន្ធទាំងអស់ដែលអនុវត្តការងារនេះ រួមមានក្រុមការងារក្រុងតាខ្មៅ សង្កាត់ទាំង១០ របស់ក្រុងតាខ្មៅ អាជ្ញាធរថ្នាក់ភូមិ មន្ទីរផែនការ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ គឺត្រូវធ្វើការនេះឱ្យបានម៉ត់ចត់ និងតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។
ដើម្បីឱ្យការអនុវត្តការងារនេះប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធិភាព ខ្ញុំសូមធ្វើការណែនាំនូវចំណុចសំខាន់ៗមួយចំនួនដែលត្រូវយកទៅអនុវត្តដូចខាងក្រោម៖
១-ក្នុងករណីតំបន់មួយចំនួនដែលមិនទាន់អាចចុះទៅអនុវត្តបានផ្ទាល់នាពេលនេះ ដោយសារការបិទខ្ទប់ ឬជាតំបន់មានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ សូមមន្រ្តីដែលត្រូវស្រង់ស្ថិតិ សូមធ្វើការតាមរយៈអនឡាញ ឬទូរស័ព្ទ។
២-ការចុះប្រមូលព័ត៌មានរៀបចំបញ្ជីគ្រួសារក្រុមគោលដៅ ដែលត្រូវជ្រើសរើសសម្រាប់សម្ភាសន៍ត្រូវរៀបចំដោយមេភូមិ ឬអនុប្រធានភូមិ រួចបញ្ជូនបញ្ជីនេះ ទៅសង្កាត់ ដើម្បីពិនិត្យមើលបញ្ជីរបស់ភូមិនីមួយៗដោយសម្រេចបញ្ចូលឈ្មោះគ្រួសារ ឬដកឈ្មោះគ្រួសារដែលសង្ស័យមានភាពមិនប្រក្រតី ហើយអនុម័តចំនួនគ្រួសារដែលត្រូវសម្ភាសន៍តាមភូមិនីមួយៗ ។
៣-លក្ខណៈវិនិច្ឆ័យគ្រួសារក្រុមគោលដៅដើម្បីបញ្ជូលក្នុងបញ្ជីរួមមាន៖ គ្រួសារដែលបាត់បង់ ចំណូល ឬការងាររងផលប៉ះពាល់ដោយសារការបិទខ្ទប់ ដែលមានមុខរបរដូចជា៖
•អ្នកបើកបរយាន្តយន្តឈ្នួល (ម៉ូតឌុប ម៉ូតូកង់៣ រ៉ឺម៉កដឹកមនុស្ស pass app ឡានតាក់ស៊ី)
•កម្មករសំណង់
•អ្នកលក់ដូរតាមផ្លូវ អ្នកលក់ដូរកញ្ច្រែង ល្អីតាមផ្សារ
•អ្នកបម្រើការអនាម័យតាមផ្លូវសាធារណៈ(អ្នកបោសសំរាមតាមផ្លូវ អ្នករើសអេត ចាយ)
•អ្នកធ្វើការផ្នែកសេវាកម្សាន្ត
•គ្រួសារដែលមានសមាជិកវិជ្ជមានជំងឺកូវីដ-១៩ មិនមានស្បៀងអាហារ សម្ភារបរិក្ខារចាំបាច់ ឬការព្យាបាលសុខភាព ក្នុងអំឡុងពេលបិទខ្ទប់
•គ្រួសារដែលមានក្រុមជនងាយរងគ្រោះ (មេគ្រួសារជា ស្ត្រី ឬជនមានពិការភាព ឬគ្រួសារដែលមានសមាជិកផ្ទុកមេរោគអេដស៍)។
•ក្នុងការសម្ភាសន៍ សង្កាត់ត្រូវប្រើប្រាស់រចនាសម្ព័ន្ធដែលមានស្រាប់ គឺមន្ត្រីដែលកំពុងអនុវត្តការកំណត់អត្តសញ្ញាណកម្មគ្រួសាក្រីក្រតាមការស្នើសុំ ក្នុងករណីដែលមានគ្រួសារដែលត្រូវសម្ភាសន៍ច្រើន សង្កាត់ អាចជ្រើសរើសអ្នកសម្ភាសន៍បន្ថែមដូចជា ក្រុមការងារយុវជន ស.ស.យ.ក …។
•ការសម្ភាសន៍មន្ត្រីសម្ភាសន៍ត្រូវសហការជាមួយមេភូមិដើម្បីរៀបចំការសម្ភាសន៍នៅតាមលំនៅដ្ឋានរបស់គ្រួសារ ដោយត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។ ករណីដែលមិនអាចចុះសម្ភាសន៍ផ្ទាល់ទៅដល់លំនៅដ្ឋានឬទីសំណាក់របស់គ្រួសារផ្ទាល់(ក្នុងតំបន់ក្រហម) ការសម្ភាសន៍អាចប្រើតាមទូរស័ព្ទដើម្បីសម្ភាសន៍គ្រួសារទាំងនោះ ។
•ស្នើលោក លោកស្រី មេភូមិ ចៅសង្កាត់ ពិនិត្យឲ្យបានច្បាស់លាស់ពីស្ថានភាពគ្រួសារនីមួយៗទៅលើលំនៅដ្ឋាន មុខរបរ ភាពងាយរងគ្រោះ ជាដើម មុននិងសម្រេចយកមកសម្ភាសន៍ ដើម្បីកុំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
•មន្រ្តីសម្ភាសន៍ ត្រូវយកចិត្តទុកដាក់ ក្នុងការស្តាប់ការបង្ហាញរបស់អ្នកសម្របសម្រួលដើម្បីឲ្យយល់ច្បាស់ពីវិធីសាស្រ្តក្នុងការប្រមូលទិន្នន័យ ដែលអាចយកជាការបាន។
ដោយឡែក គ្រួសារដែលមិនត្រូវរាប់បញ្ជូលក្នុងយុទ្ធនាការនេះ គឺគ្រួសារដែលកំពុងកាន់បណ្ណសមធម៌ក្រ១ និងក្រ២ ដែលមានសុពលភាព កម្មកររោងចក្រកាត់ដេរ ឬរោងចក្រដទៃផ្សេងទៀតដែល បានចុះបញ្ជីនៅក្នុង ប.ស.ស៕

