ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបទរទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅសង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោគរាជធានីភ្នំពេញ ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្រ្គាម ដោយមានការចូលរួមពីសំណាក់អគ្គនាយករង និងនាយក នាយកដ្ឋានជំនាញភស្តុភា ហិរញ្ញវត្ថុ និងសុខាភិបាល ជំនាញធនធានមនុស្ស និងបណ្តុះបណ្តាល នាយកដ្ឋានប្រតិបត្តិការ និងហ្វឹកហ្វឺន និងនាយកដ្នានស្តង់ដាស៉ភារៈបច្ចេកទេសជាច្រើនរូបបានចូលរួម ។
សូមជម្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទ្រង់ទ្រាយធំដែលរៀបចំដោយក្រសួងការពារជាតិ បានធ្វើឡើង ចាប់ពីកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ជាពិសេសសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ មន្រ្តីរាជធានី និងក្រសួងការពារជាតិ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះបានប្រែក្លាយមកជាតំបន់មិនមានហានិភ័យខ្ពស់ ដោយសារនេះជាឧបករណ៍សំខាន់ប្រឆាំងនឹងជំងឺកូវីដ១៩។
នៅពេលខាងមុខនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវទទួលដូសទី១ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ សូមមេត្តារួសរាន់ទៅទទួលការចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នាតាមការកំណត់ របស់អាជ្ញាធរមូលដ្ឋាន និងតាមវិធានរបស់ក្រសួងសុខាភិបាល ហើយរក្សាអោយបាននូវ ៣កុំ ៣ការពារ ។
តាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៣០៤,២៦១នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩៩៣,៩០២នាក់ ខណៈចាក់លើកទី២ បានចំនួន ១,១៤១,៥៥០នាក់៕

