ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើកពិនិត្យការ អភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្មជីធម្មជាតិ..!!

នាព្រឹកថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើកមកពិនិត្យខ្សែច្រវាក់ផលិតកម្មជីធម្មជាតិ របស់ក្រុមហ៊ុន ហ៊ុនយន់ អេហ្រ្គីខលឈ័រ ដែលមានទីតាំងស្ថិតនៅភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោក យុន សុផាត នាយកក្រុមហ៊ុនបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាសិប្បកម្មជីធម្មជាតិភ្នំពេញ បានចាប់ផ្តើមដំណើរការអាជីវកម្មនៅឆ្នាំ២០១៣។ បច្ចុប្បន្ន សិប្បកម្មជីធម្មជាតិមានលទ្ធភាពផលិតជីបាន ២០-៣០តោន/ថ្ងៃ (បរិមាណនេះអាស្រ័យលើធាតុអាកាសក្តៅ ឬភ្លៀង) ព្រោះត្រូវការកំដៅដ្ងៃសម្រាប់ហាលវត្ថុធាតុដើម ហើយផលិតផលត្រូវបានលក់ចែកចាយជូនអតិឋិជននៅទីជិត ឆ្ងាយទៅតាមតម្រូវការក្នុងតម្លៃ ២៥០$/តោន (តម្លៃនេះអាស្រ័យលើសាវាដឹកជញ្ជូន)។ វត្ថុធាតុដើមដែលក្រុមហ៊ុនប្រើមានដូចជា៖ លាមកមាន់ គោ ជ្រូក កន្ទក់ ផេះអង្កាម ឆ្អឹងគោ និងថ្មកំបោរ។ល។ ដោយឡែក ប្រភេទជីទឹកប្រើវត្ថុធាតុដើមដូចជា៖ គ្រប់ប្រភេទសំណល់បន្លែ ផ្លែឈើ ស្បែកគោ និងសំណល់ត្រីសមុទ្រ។ល។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនផលិតជីបាន ២ ៥០៧តោន ហើយ ៦ខែ ដើមឆ្នាំ២០២១ នេះក្រុមហ៊ុនផលិតបាន ១ ០៣៥តោន ដោយចែក ចេញជាប្រភេទជីគ្រាប់ ទឹក និងម្សៅកំបោរ។ ដោយសារសេចក្តីត្រូវការជីធម្មជាតិចេះតែមានការកើនឡើង ក្រុមហ៊ុនគ្រោងនឹងពង្រីកសក្តានុពលផលិតជីឲ្យបាន ៥០-១០០តោន/ថ្ងៃ។ លោក នាយកបានបន្តទៀតថាបងប្អូនកម្មករភាគច្រើនគឺជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំ ស្រុកនេះតែម្តង ជាងនេះទៅទៀតក៏មានបងប្អូនសិល្បករល្បីៗមកបម្រើការក្នុងក្រុមហ៊ុននេះផងដែរ ដើម្បីផ្សាភ្ជាប់រវាងសិល្ប កសិកម្ម ដើម្បីបម្រើកសិករ។ លោកបានថ្លែងអណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីជំនាញដែលបានជួយគាំទ្រ និងលើក ទឹកចិត្តដល់សកម្មភាពសិប្បកម្មជីឲ្យបានដំណើរការតាំងពីថ្ងៃចាប់ផ្តើម រហូតមកទល់បច្ចុប្បន្ន និងជាពិសេសបានជួយអន្តរាគមន៍ទៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្នុងការបញ្ចុះតម្លៃអគ្គីសនី ដែលចូលរួមកាត់បន្ថយតម្លៃដើមផលិតបានមួយកម្រិត។

ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងវាយតម្លៃខ្ពស់លើសមិទ្ធផលរបស់សិប្បកម្មជីធម្មជាតិភ្នំពេញដែលសម្រេចបាននាពេលនេះ។ ភ្ជាប់ជាមួយសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើក ទឹកចិត្ត និងគាំទ្រក្រុមហ៊ុនឲ្យពង្រីកសក្តានុពលផលិតជីធម្មជាតិនេះដើម្បីចូលរួមបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក តបតាមកំណើននៃការប្រើជីធម្មជាតិសម្រាប់ដំណាំបន្លែ ចូលរួមថែរក្សា និងកែលម្អគុណភាពដីកសិកម្ម កាត់បន្ថយហានីភ័យដោយសារការប្រើជីគីមីលើកសិផល និងសុខភាពសាធារណ កាត់បន្ថយការនាំចូល និងប្រើប្រាស់ជីគីមី និងជាពិសេសចូលរួមប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុក ប្រើប្រាស់កាកសំណល់បន្លែ ផ្លែឈើ លាមកសត្វដែលសុទ្ធតែជាវត្ថុធាតុដើមមានប្រយោជន៍ ប៉ុន្តែត្រូវបានមើលរំលង។ ការកែច្នៃវត្ថុធាតុដើមទាំងអស់នេះ ក្រសួងសូមធ្វើការគាំទ្រ លើកទឹកចិត្ត និងរង់ចាំផ្តល់កិច្ចសហការបន្ថែមទាំងបច្ចេកទេសកែច្នៃ វេចខ្ចប់ និងនិតិវិធិច្បាស់ពាក់ព័ន្ធមួយចំនួន ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន ការប្រកួតប្រជែង បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ដែលជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព និរន្តរភាព និងវិបុល ភាព។ សំខាន់ជាងនេះ ដោយសារជាក្រុមហ៊ុនក្នុងស្រុក បង្កើតដោយកូនខ្មែរ បានបញ្ចប់ការ សិក្សាពីក្រៅប្រទេស នាំយកចំណេះដឹង និងបទពិសោធន៍មកអភិវឌ្ឍន៍ប្រទេសកំណើតខ្លួន
លោករដ្ឋមន្រ្តីថានឹងអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន មកសហការទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីពង្រីកផលិតភាពផលិតកម្ម លើកកម្ពស់គុណភាពផលិត សុខុមាលភាពកម្មករ បរិយាកាសកន្លែការងារល្អ ឆ្លើយតបតាមស្តង់ដារជាតិមួយជាក់លាក់ ចូលរួមប្រកួតប្រជែងជាមួយផលិតផលជីនាំចូល និងជាពិសេសរក្សាបាននូវនិរន្តរភាពផលិតកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច។

ក្នុងឱកាសនេះ ក្រុមហ៊ុនបានជូនជីធម្មជាតិប្រភេទគ្រាប់ដល់ឯកឧត្តរដ្ឋមន្រ្តីចំនួន ១០តោន ទឹក ១០កេះ និងម្សៅកំបោរសរីរាង្គ ១០តោនផងដែរ ដើម្បីយកទៅចែកជូនកសិករសាកពិសោធន៍។FB_IMG_1624678468635 FB_IMG_1624678392265 FB_IMG_1624678389766 FB_IMG_1624678462588 FB_IMG_1624678456584 FB_IMG_1624678383227 FB_IMG_1624678416993 FB_IMG_1624678405424 FB_IMG_1624678446949 FB_IMG_1624678420783 FB_IMG_1624678423505 FB_IMG_1624678411051 FB_IMG_1624678408388 FB_IMG_1624678395657


 

You might like