(ភ្នំពេញ) : នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះ
ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ស.យ.ម.ក រាជធានីភ្នំពេញ និងគណៈប្រតិភូ ព្រមទាំងក្រុមការងារ ស.យ.ម.ក បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំង ១៤ គ្រួសារដែលរលំផ្ទះដោយការបាក់ច្រាំងទន្លេ ស្ថិតនៅភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមតំណាងរាស្ត្របានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ជំនួយ (Doors of Sadaqah) ដែលបានយកចិត្តទុកដាក់ ផ្ដល់ការចែករំលែក ក៏ដូចជាការជួយដោះបន្ទុកដល់បងប្អូនដែលរងគ្រោះដោយគ្រោះធម្មជាតិនេះ បើទោះបីជាជំនួយនេះវាមិនតុល្យភាពទៅនឹងការខូចខាតរបស់បងប្អូន ប៉ុន្តែវាគឺជាទឹកចិត្តនៃការចូលរួមចែករំលែកដោយក្តីអាណិតស្រលាញ់។ ចំណែកថ្នាក់ដឹកនាំយើងទាំងអស់គ្រប់លំដាប់ថ្នាក់ ក៏នឹងបន្តផ្សព្វផ្សាយអំពាវនាវដល់អង្គការសមាគម និងសប្បុរសជនដទៃទៀតដើម្បីស្វែងរកលទ្ធភាពជួយដល់បងប្អូនជាបន្តបន្ទាប់។ បងប្អូនត្រូវតែមានក្តីសង្ឃឹម និងជឿជាក់ថា ស្ថិតក្នុងរបបដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ជាពិសេស ការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយព្រហ្មវិហារធម៌របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺប្រជាពលរដ្ឋគ្រប់រូបមិនត្រូវបានទុកចោល ឬការព្រងើយកន្តើយដោយប្រការណាមួយនោះឡើយ ពួកគាត់តែងទទួលបានដំណោះស្រាយ និងការគាំពារគ្រប់គ្រាន់ និងទាន់ពេលវេលា។ ឯកឧត្តមតំណាងរាស្ត្រក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងនៃជំងឺកូវីដ១៩ ត្រូវអនុវត្តតាមសេចក្តីប្រកាសក៏ដូចជាការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។
ថវិកាដែលប្រគល់ជូនបងប្អូនទាំង ១៤ គ្រួសារខាងលើ គឺជាការឧបត្ថម្ភរបស់ក្រុមការងារមនុស្សធម៌ Doors of Sadaqah ពីប្រទេសសិង្ហបុរី តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍សហគមន៍កម្ពុជា ផ្ដល់ជូនក្នុងមួយគ្រួសារ ៨០០,០០០៛ (ប៉ែតសឹបម៉ឺនរៀល)៕







