បន្ទាយមានជ័យ៖ ថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសចុះពិនិត្យគុណភាពផ្លូវវាងក្រុង សិរីសោភ័ណ សង្កាត់ទឹកថ្លា ខេត្តបន្ទាយមានជ័យ ឋិតនៅក្នុងគម្រោង សាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង-ខេត្តបន្ទាយមានជ័យ។
សូមជម្រាបជូនថា៖ គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរ តែ១០០%ហើយ។ កំណាត់ផ្លូវនេះត្រូវបានដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាល ទ្រូងផ្លូវ និងមានដាំដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវ ដែលអាចជួយឱ្យអ្នកបើកបរ ក៏ដូចជាអ្នកធ្វើ ដំណើរតាមបណ្តាញផ្លូវនេះទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ។
គួររលឹកផងដែរថា៖ សង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ខេត្តបាត់ ដំបង និងខេត្តបន្ទាយមានជ័យ គឺជាសមរភូមិក្តៅ ដែលពួកខ្មែរក្រហមបានតាំងទីលំនៅនៅទីនេះ។ ពេល នោះតំបន់នេះ បានក្លាយទៅជាតំបន់គ្រោះថ្នាក់បំផុតដែលគ្មាននណាអាចចូលបានទេ។ ប៉ុន្តែដោយសាតែ ការដាក់ចេញនូវគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យក្រុមខ្មែរក្រហម ព្រមធ្វើសមាហរណកម្មមករួមរស់ជាមួយរាជរដ្ឋាភិបាលដើម្បីបញ្ចប់សង្គ្រាមជាច្រើនឆ្នាំកន្លងទៅ។
សន្តិភាពដែលទទួលបានលំបាកនេះ អាចផ្តល់ឱកាសឱ្យយើងបានកសាងអភិវឌ្ឍសមិទ្ធផលជាតិ បានបន្តបន្ទាប់ដូចថ្ងៃនេះ ហើយបច្ចុប្បន្ននេះខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ គឺពោពេញដោយ សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ផងដែរ៕

