នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២១នេះឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានណែនាំគណៈបញ្ជាការឯកភាពក្រុងបានលុងដឹកនាំដោយលោក ងិន ណែល អភិបាលក្រុងបានលុង ដោយមានការចូលរួមពីកងកម្លាំងទាំងបីប្រភេទនិង
លោកចៅសង្កាត់បានចុះរៀបចំអោយអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបិរវេណមុខមន្ទីរវប្បធម៌ខេត្តជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ
រហូតដល់មានស្ថានភាពល្អប្រសើរឡើងវិញ។
លោក ងិន ណែល អភិបាលក្រុងបានលុងបានលើកឡើងថា ដោយសារការកើនឡើងច្រើន នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តរបស់យើង គណៈបញ្ជាការឯកភាពខេត្តបានបិទខ្ទប់ទីតាំងមួយចំនួនជាតំបន់លឿង និងលឿងទុំ ក្នុងនោះក៏មានផ្សារបានលុងផងដែរ ដែលជាហេតុធ្វើអោយបងប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការទិញគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ។ ដូច្នេះគណៈបញ្ជាការឯកភាពខេត្តក៏បានរៀបចំអោយ អាជីវករមកលក់ដូរនៅបរិវេណមុខមន្ទីរវប្បធម៌ ដើម្បីបង្កើនជាភាពងាយស្រួលមួយកម្រិតដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការទិញម្ហូបអាហារប្រចាំថ្ងៃ។ លោកអភិបាលក្រុងបានបន្ថែមទៀតថា ក្នុងការលក់ដូរនៅទីតាំងនេះ គឺមានការរក្សាគម្លាត ការអនុវត្តវិធានសុខាភិបាលបានត្រឹមត្រូវ ដែលបង្កជាភាពងាយស្រួល និងសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលមកទិញ។
លោកអភិបាលក្រុងក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួន រួមពាក់ម៉ាស់ លាងដៃអោយបានញឹកញាប់ រក្សាគម្លាត និងត្រូវចូលរួមសហការទាំងអស់គ្នា ដើម្បីយើងអាចកាត់ផ្ដាច់ការចម្លងជំងឺនេះទាំងស្រុងបាន។
សូមបញ្ជាក់ផងដែរថាតូបអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបិរវេណមុខមន្ទីរវប្បធម៌ខេត្តជាបណ្ដោះអាសន្ននាពេលនេះមានចំនួន ១០៩កន្លែង ដែលកន្លែងលក់នីមួយៗមានប្រវែង ៣ម៉ែត្រ ហេីយកន្លែងលក់មានគម្លាតពីគ្នាប្រវែង២ម៉ែត្រផងដែរ៕

