រសៀល.ថ្ងៃចន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន៨៩គ្រួសារ នៅក្រុងកំពត ខេត្តកំពត ដោយមានការអញ្ជេីញចូលរួមមាន ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបីប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាក្រុងនិងប្រជាពលរដ្ឋ។ពិធីនេះ ប្រារព្ធធ្វើនៅបរិវេណអនុវិទ្យាល័យឌីម៉ុកមហាសាមគ្គី។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។
ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ ឯកឧត្តម ក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ(ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ការពារជំងីកូវីដ-១៩។
អំណោយក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg ត្រីខ១យួរ ទឹកត្រី១យួរ មី១កេស និងថវិកា២ម៉ឺនរៀល ស្មើនឹង១.៧៨០.០០០រៀល ព្រមទាំងបានឧបត្ថម្ភថវិកាសរុប៥៤ម៉ឺនរៀល ជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ។

