រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាជាង ១២លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកភ្លៀងទឹកកខ្វក់និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងស្ទឹងសែន..!!

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី០៧ ខែ កក្តដា ឆ្នាំ ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តគម្រោងសាងសង់ប្រពន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងស្ទឹងសែន ដើម្បីធានាបានគុណភាពល្អ និងមានផ្លូវក្នុងក្រុងទូលាយ នៅថ្ងៃអនាគត ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដល់ខេត្តកំពង់ធំ។ ឯកឧត្តមបន្ថែមទៀតថា គម្រោងនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលដែលជាប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយចំណាយថវិកាសរុបជាង ១២លានដុល្លារក្នុងការអភិវឌ្ឍន៍ប្រើប្រាស់ប្រព័ន្ធលូជាង២២គីឡូម៉ែត្រនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានសំណូមពរដល់ក្រុមហ៊ុនម៉ៅការសាងសង់ សូមឱ្យពន្លឿនការសាងសង់ ព្រោះថា ខែនេះជារដូវវស្សា បើគ្មានប្រព័ន្ធលូរំដោះទឹកទេ ក្រុងស្ទឹងសែន និងមានការលិចដោយសារជំនន់ទឹកភ្លៀង ហើយប្រសិនបើជួបបញ្ហាក្នុងការសាងសង់ ត្រូវជូនដំណឹងមកអាជ្ញាធរដើម្បីឲ្យអាជ្ញាបានដឹងនិងជួយដោះស្រាយរឿងដែលបានកើតឡើង ។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានដាស់តឿនទៅដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវត្រួតពិនិត្យគ្រប់ជ្រុងជ្រោយនូវសំណង់ទាំងឡាយណាដែលបានសាងសង់ខុសច្បាប់ ជាពិសេសការចាក់ដីការសាងសង់ផ្ទះ ការធ្វើរបងជាដើម ដែលមានការរំលោភបំពានទៅលើចំណីផ្លូវ ធ្វើឱ្យមានការកក់ស្ទះដោយគ្មានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងកាបអុបទិកជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមសហការ ជាមួយអាជ្ញាធរក្នុងការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ឬទឹកកខ្វក់នេះ គឺធ្វើទៅលើចំណីផ្លូវមុខផ្ទះរបស់ប្រជាពលរដ្ឋ សូមមានការយោកយល់និងអធ្យាស្រ័យ ទើបក្រុមហ៊ុនសាងសង់អាចពន្លឿនដំណើររបស់ខ្លួនបានដោយរលូន និងឆាប់រហ័ស។

លោក ជូ កុល្លា ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឱ្យដឹងថា ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានចំនួន២រួមមាន៖
ទី១៖ ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះប្រមាណ ២.៥០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ការសាងសង់បំពង់លូទឹកស្អុយប្រវែងប្រមាណ៣៩,២គីឡូម៉ែត និងបណ្តាញលូបង្ហូរទឹកប្រវែងប្រមាណ ១៧.១គីឡូម៉ែត។
ក្រោយពីបានទទួលការយល់ព្រមពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចសន្យា ដើម្បីសាងសង់អនុគម្រោងខាងលើ ជាមួយក្រុមហ៊ុនសាងសង់ China First metallurgical Group Ltd. ក្នុងតម្លៃទឹកប្រាក់ចំនួន ១២,៧៦២,០០០ដុល្លារ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។
ទី២៖ ការសាងសង់ទីលានចាក់សំរាម ដែលមានសមត្ថភាពផ្ទុកបរិមាណបានចំនួន ៤៨.០០០ម៉ែត្រគូប និងការបំពាក់នូវរថយន្តប្រមូលសំរាម និងទុកដាក់កាក់សំណល់។

លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានឱ្យដឹងថាគម្រោសាងសង់មានរយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពីខែកក្កដា ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣ខាងមុន៕FB_IMG_1625666275304 FB_IMG_1625666284674 FB_IMG_1625666282255 FB_IMG_1625666278284

You might like