នៅថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២១ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង បានដឹកនាំកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធ Online (Zoom) ស្តីពីការបូកសរុបលទ្ធផលសកម្មភាព ការងារប្រចាំឆមាសទី ១ ឆ្នាំ ២០២១ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី ៣ របស់សាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀង នៅសាលប្រជុំទីស្នាកការសាខា ដែលមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោក លោកស្រីជាប្រធាន អនុប្រធានគណៈកម្មា ធិការអនុសាខា ក្រុង ស្រុក ទាំង ៨ ក្រុមប្រតិបត្តិសាខា សរុបចំនួន ១៨ នាក់ ។
របៀបវារៈនៃកិច្ចប្រជុំ៖
-ប្រសាសន៍បើកអង្គប្រជុំដោយឯកឧត្តមប្រធានគណៈកម្មាធិការសាខា
-អានរបាយការណ៍បូកសរុបលទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុសាខា-អនុសាខាប្រចាំឆមាសទី ១ ឆ្នាំ ២០២១ លើកទិសដៅការងារអនុវត្តបន្តត្រីមាសទី ៣ ដោយចែករំលែក(Share Screen) និងអានសង្ខេបដោយ លោក សរ វណ្ណា នាយកសាខា
-មតិលើកឡើងរបស់គណៈកម្មាធិការសាខា និងអនុសាខាលើរបាយការណ៍ទាំងពីរនិងទិសដៅការងារអនុវត្ត ត្រីមាសបន្ទាប់
-ការលើកឡើងរបស់អនុសាខាក្រុង ស្រុក ទាំង ៨ នូវសកម្មភាពការងារនៅថ្នាក់អនុសាខា
-ចូលរួមពិនិត្យផែនការអនុវត្តត្រីមាសបន្ទាប់ និងការលក់សន្លឹកឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ២៨ នៅកំឡុង បុណ្យភ្ជុំបិណ្ឌ
-អនុសាន៍ផ្សេងៗ
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ម៉ែន វិបុល បានមានមតិបូកសរុបក្នុងរយៈពេល ១ ឆមាសនេះ គណៈកម្មាធិការសាខា អនុសាខា មានការខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការដោះស្រាយបញ្ហានានា ដល់ជន ងាយរងគ្រោះ និងរងគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា ពិសេសការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ។ ឯកឧត្តមក៍សូមថ្លែងអំណរគុណដល់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកជំទាវ ដួង វណ្ណា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងសប្បុរសជននានា ដែលបានខិតខំគៀងគរមូលនិធិ ដើម្បី អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ដើម្បីសាខាមាន លទ្ធភាពឆ្លើយតបដល់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយបានទាន់ពេលវេលា ។ ឯកឧត្តមក៍បានសំណូមពរដល់សាខា អនុសាខា ត្រូវសហការជាមួយអាជ្ញាធរក្នុងការចុះពិនិត្យពីជីវភាពរបស់ ប្រជាពលរដ្ឋងាយរងគ្រោះនៅតាមសហគមន៍ ដើម្បីឆ្លើយតបឲ្យបានទាន់ពេល ។ ហើយត្រូវជម្រុញឲ្យពួកគាត់ ក្នុងការបង្ករបង្កើនផល ជាពិសេសនេះជារដូវវស្សាហ៍ នៅពេលមានភ្លៀង ផ្គរ រន្ទះ ត្រូវការពារខ្លួន រកទីតាំងដែល មានសុវត្ថិភាព ដើម្បីកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ។ គណៈកម្មាធិការសាខា ក្នុងពេលចែកអំណោយ ត្រូវ សហការជាមួយកងកម្លាំង ក្នុងការចុះផ្សព្វផ្សាយពីបញ្ហាចរាចរណ៍ គ្រឿងញៀន ដល់ប្រជាពលរដ្ឋឲ្យបាន ទូលំទូលាយ ។

