រាជធានីភ្នំពេញ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា សម្រេចបានចំនួន ៨៧,២០% នៃប្រជាជនសរុប ១៦លាននាក់ ដោយមនុស្សពេញវ័យ ១០០,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ បានចាក់វ៉ាក់សាំងពេញលេញ (លទ្ធផលវ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១)។ តួលេខទាំងនេះបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេនៅលើពិភពលោក ក្នុងកិច្ចការពារប្រជាជនរបស់ខ្លួនពីហានិភ័យដ៏អាក្រក់បំផុតពីជំងឺកូវីដ-១៩។
ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី បាននិងកំពុងបន្តចូលរួមយុទ្ធនាការការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយថ្ងៃនេះក៏ជាថ្ងៃទី៩ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣។
បើទោះបីជាប្រជាជនបានសម្រុកមកចាក់វាក់សាំងដូសជម្រុញយ៉ាងច្រើនកុះករ រយៈពេល៩ថ្ងៃកន្លងមកនេះក៏ដោយ ភាពអត់ធ្មត់ ភាពឱនលំទោន រួមជាមួយនឹងទឹកចិត្តដ៏ថ្លៃថ្លា ក៏ដូចការធ្វើការងារជាក្រុមបានយ៉ាងល្អនោះ ធ្វើឱ្យភាពនឿយហត់របស់ក្មួយៗហាក់មិនមាននោះឡើយ ផ្ទុយមកវិញមានតែស្នាមញញឹមរបស់ក្មួយៗចំពោះប្រជាជន ដែលបានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកលេង ផាលីជាប្រធាន
ប្រតិបត្តិតំណាងឱ្យឯកឧត្តម ហ៊ុន ម៉ានីប្រធានកិត្តិយសនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សូមកោតសរសើរចំពោះការលះបង់ដ៏ធំធេងរបស់ក្មួយៗ ចំពោះជាតិនិងមាតុភូមិរបស់យើងផងដែរ៕

