កងទ័ពមួកខៀវកម្ពុជាបាន បញ្ចប់បេសកកម្មមនុស្សធម៌នឹងធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ!

ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១
កងអនុសេនាធំរាជអាវុធហត្ថលេខ១៨៦គឺជាកងទី៩ដែលមានកម្លាំងសរុប៧៣នាក់ ក្នុងនោះមាននារីចំនួន២៨នាក់បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពអស់រយៈពេល១ឆ្នាំប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

រីឯកងដែលត្រូវធ្វើការប្តូរវេន គឺកងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩ ជាកងទី១០ ដែលមានកម្លាំងសរុប ៧៣នាក់ (នារី៣៤នាក់)។ អត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ៤៦% លើសពីតម្រូវការរបស់ អ.ស.ប. ត្រឹម១៥%។

នេះសបញ្ជាក់ឱ្យឃើញថា កម្លាំងមួកខៀវកម្ពុជា ពិតជាបានធ្វើនវានុវត្តចំណេះជំនាញក្នុងបរិបទនៃការ រស់នៅថ្មី និងសាមគ្គីភាព សហប្រតិបត្តិការ គោរពវិន័យល្អ និងភាពអង់អាច ក្លាហានក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង នៃតំបន់ដែលខ្លួនបានចូលរួម ពិសេសការអនុវត្តនូវវិធាននៃការការពារមេរោគកូវីដ១៩។

ពិធីទទួលកងអនុសេនាធំរាជអាវុធហត្ថលេខ១៨៦ ត្រូវបានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។

គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំនួន ៧,៨៩៩នាក់ ក្នុងនោះមាននារី ៥២៨នាក់។

បច្ចុប្បន្ន កងកម្លាំងមួកខៀវកំពុងបំពេញបេសកកម្មក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ មានចំនួន ៧៨៧នាក់ ក្នុងនោះនារី ១១១នាក់។

សម្រាប់ឆ្នាំ២០២១ គឺជាឆ្នាំទី១០ នៃការចូលរួមបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) ដែលមានចំនួនសរុប ៧៣០នាក់ (នារី១២៤នាក់)។

នាយឧត្តមសេនីយ៍ ក៏បានជូនពរដល់កងទ័ពមួកខៀវកម្ពុជាទាំងអស់ ដែលបញ្ចប់បេសកកម្មរបស់ខ្លួននៅក្រៅប្រទេស ដែលកំពុងធ្វើចត្តាឡីស័ក សូមឱ្យជួបប្រទះតែសេចក្តីសប្បាយជារៀងរហូតផងដែរ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងស្វាគមន៍ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ចំពោះការវិលត្រលប់ប្រកបដោយសុខសុវត្ថិភាព ជាមួយនឹងភាពជោគជ័យក្នុងការបំពេញភារកិច្ច៕FB_IMG_1637059679666 FB_IMG_1637059685396 FB_IMG_1637059688410 FB_IMG_1637059692879 FB_IMG_1637059696221 FB_IMG_1637059701536 FB_IMG_1637059706286 FB_IMG_1637059709004 FB_IMG_1637059711752 FB_IMG_1637059715143

You might like