នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ០៣គ្រឿង ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីបង្ការជំងឺកូវីដ-១៩ និងជួយសម្រួលដល់ការដឹកជញ្ជូនវ៉ាក់សាំង។
ពីធីប្រគល់-ទទួលវ៉ាក់សាំងនេះបានធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចំប៉ាសក្តិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស ដោយបានប្រគល់ជូន ឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិត ប៊ុនហ្វែង ភូមិម៉ាលៃស៊ីត រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាតំណាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជា ជូនរដ្ឋាភិបាលឡាវ នៅពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនឡាវ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។

