នៅរសៀលថ្ងៃព្រហស្បតិ៍ ១២ កើត ខែកត្តិកឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការp នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមប្រជុំ គណៈបញ្ជាការឯកភាពរដ្ធបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំមានរបៀបវរៈសំខាន់ៗមួយចំនួនដូចខាងក្រោម:
១-ត្រួតពិនិត្យលទ្ធផលការងារស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងត្រៀមដាំដើមឈើ កូនឈើឡើងវិញនៅដីតំបន់២ តំបន់៣ដែលបានប្រមូលមកជាទ្រព្យសម្បត្តិរដ្ឋវិញ
២-ប្រជុំត្រៀមរៀបចំការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នាថ្ងៃទី២៧-២៨ ខែធ្នូខាងមុខនេះ
៣-ត្រៀមលក្ខណៈរៀបចំកម្មវិធីសម្ភោធផ្លូវជាតិលេខ៥
នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថ្លែងការកោតសរសើរដល់មេបញ្ជាការ ស្នងការកងកម្លាំងទាំង៣គ្រប់កងឯកភាព ថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្រុង/ស្រុក បានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចការងារដោះស្រាយបញ្ហាមួយចំនួនប្រកបដោយស្មារតីទទួលខុសត្រូវ លទ្ធផលល្អប្រសើរ។
ជាមួយគ្នានោះ អភិបាលខេត្តបន្ទាយមានជ័យ បានជម្រុញដល់ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ មន្ទីរអង្គភាពក្រុង/ស្រុក សូមបន្តចូលរួមសហការដោយស្មារតីយកចិត្តក្នុងកិច្ចការងារទាំង៣សំខាន់ខាងលើរបៀបវរៈនៃកិច្ចប្រជុំថ្ងៃនេះ ដើម្បីឲ្យទទួលបានជោគជ័យសម្រាប់ខេត្តបន្ទាយមានជ័យរបស់យើង។
ការប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី អង្គភាព មន្ទីរ ស្ថាប័នពាក់ពន្ធ័ជាច្រើនរូប នៅសាលប្រជុំធំ របស់សាលាខេត្តបន្ទាយមានជ័យ ៕

