ភ្នំពេញពិធីនេះធ្វើឡើងនៅ
ក្នុងមជ្ឈមណ្ឌលជាតិស្ថិតក្នុងខណ្ឌទួលគោករាជធានីភ្នំពេញនាថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២១នេះឯកឧត្ដម
នាយឧត្តមសេនីយ៍ សែម សុវណ្ណនីអនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) អញ្ជើញសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហានចំនួន ២០ នាក់ និងក្រុមគ្រួសារយោធិនពលី នៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលចូលនិវត្ដន៍នៅឆ្នាំ២០២១នេះ និងបានបំពាក់ឋានន្ដរស័ក្ដិជួនពួកគាត់ចាប់ ពីថ្នាក់ឧត្តមសេនីយ៍ត្រី ដល់នាយចំណង់ ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ ដែលបានលះបង់បំពេញភារកិច្ចជូនជាតិមាតុភូមិ បានល្អប្រសើរនាពេលកន្លងមក។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី មានប្រសាសន៍ថា យុទ្ធជនដែលត្រូវចូលនិវត្តចំនួន ២០នាក់ នៅពេលនេះ គឺជាអ្នកដែលបានចូលរួមធ្វើពលិកម្ម ដ៏ធំធេងក្នុងការរំដោះប្រទេសជាតិ ដែលបានផ្តួលរំលំនិងទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជន៍សាសន៍ ប៉ុល ពត និងបានចូលរួមយ៉ាងសកម្មក្នុងចលនា បង្រួបបង្រួមជាតិតាមរយ:នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍ ប្រទេសជាតិ និងបានចូលរួមយ៉ាងសកម្មលើឆាកអន្តរជាតិ តាមរយៈការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។
ជាមួយគ្នានោះការបំពាក់ឋានន្តរសក្តិជូនយោធិនចូលនិវត្តន៍នាពេលនេះ គឺជាការ បំពាក់ឋានន្តរសក្តិគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ គិតគូរដល់បងប្អូនយោធិនចូលនិវត្តន៍ទាំងអស់ ដែលត្រូវបានតម្លើងឋានន្តរសក្តិដោយឈរលើគោលការណ៍ រួមមានផ្តល់កិត្តិយសលើកទឹកចិត្តតបស្នងសងគុណ នូវគុណណូបការ: ចំពោះការលះបង់ដ៏ធំធេង មកលើមាតុភូមិ និងប្រជាជន និងដើម្បីលើកស្ទួយជីវភាពបងប្អូនឲ្យកាន់ តែប្រសើរពេលវិលត្រឡប់ទៅរួមរស់នៅក្នុងជីវភាពស៊ីវិលវិញ។
នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ យោធិនយើងគ្រប់ពេលវេលា តាមរយ:ការដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទៀត ទោះ បីកំពុងបំពេញភារកិច្ច ពេលចូលនិវត្តន៍ ឬក្រោយពេលចូលនិវត្តន៍ ហើយក៏មិនអាចបំភ្លេចបានឡើយចំពោះ បងប្អូនយោធិនចូលនិវត្តន៍ដែលបានរួមចំណែកធ្វើពលិកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិ មាតុភូមិនិងប្រជាជនដោយបានចាត់ទុក ជាគម្រូវរភាពមួយសម្រាប់ប្រជាជនកម្ពុជា និងកងយោធពលខេមរភូមិន្ទ ចងចាំជានិច្ចមិនអាចបំភ្លេចបាន ។ នាឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ជូនដល់យោធិន ដែលចូលនិវត្ដន៍ និងគ្រួសារយោធិនពលីទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានអង្ករចំនួន ១២៥ គីឡូក្រាម មី១កេះ ត្រីខ១យួរ សារុង១ ក្រមា១ និងថវិកាចំនួន ១លានរៀលផងដែរ ។
នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា ទោះបីពួកគាត់បានចូលនិវត្ដន៍ ហើយវិលទៅជួបជុំគ្រួសារវិញក្ដី ក៏ប៉ុន្ដែ ក្ដីស្រលាញ់ និងការរាប់អានគ្នា នៅតែមានក្នុងបេះដូង នៃកងកម្លាំងយោធាជាប់ជានិច្ច។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ដាំផ្ញើដល់យោធិនទំាងអស់ ត្រូវរៀនរស់តាមបែបគន្លងថ្មី ក្នុងការសម្របខ្លួន ជាមួយទៅនឹងជំងឺកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ៕

