ឯកឧត្តមរដ្ឋមន្រ្តីលឹម គានហោបានអនុញ្ញាតឯកអគ្គរាជទូតជប៉ុនប្រចាំក្រកម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក.!

ថ្ងៃព្រហស្បត្តិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ KAMEI Haruku ប្រធាន JICA ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ (គម្រោងជំនួយ) លើវិស័យធនធានទឹក នៅទីស្តីការក្រសួង ។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈឯកឧត្តមឯកអគ្គរាជទូត ដែលបាននឹងកំពុងបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដោយផ្តោតសំខាន់លើវិស័យសំខាន់ៗមួយចំនួនដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តលើគ្រប់វិស័យ ការគាំទ្រដល់វិស័យសុខាភិបាល ការស្តារ និងលើកកម្ពស់វិស័យអប់រំ ការលើកកម្ពស់ការអភិវឌ្ឍន៍សង្គម និងការពង្រឹងអភិបាលកិច្ចនៅកម្ពុជា ជាពិសេសវិស័យធនធានទឹក ក៏ត្រូវបានពង្រឹង ពង្រីក និងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត និងលោកជំទាវប្រធាន អំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
ឯកឧត្តម MIKAMI MASAHIRO បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយឯកឧត្តមរដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត ។ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្ត បន្តរួមចំណែកជួយរបស់រាជរដ្ឋាភិបាលជប៉ុន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខ ។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានជួយដល់កម្ពុជាលើការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យធនធានទឹក ដែលជាជំនួយឥតសំណង និងក្រោមហិរញ្ញប្បទានសម្បទាន ។
គម្រោងមួយចំនួនត្រូវបានបញ្ចប់ និងមួយចំនួនទៀតកំពុងដំណើរការ មានដូចជា គម្រោងប្រព័ន្ធធារាសាស្រ្តកណ្តាលស្ទឹង ស្ថិតក្នុងខេត្តកណ្តាល, គម្រោងកម្មវិធីកែលម្អសមត្ថភាពទប់ទល់នឹងគ្រោះធម្មជាតិ បង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា (ការផ្តល់គ្រឿងចក្រធុនធ្ងន់), គម្រោងប្រព័ន្ធធារាសាស្រ្តធ្លាម្អម ស្ថិតក្នុងខេត្តពោធិ៍សាត់, គម្រោងប្រព័ន្ធធារាសាស្រ្តម្កាក់ ស្ថិតក្នុងខេត្តសៀមរាប, គម្រោងសេវាបច្ចេកទេសប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា, គម្រោងប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង, គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកខាងលិចទន្លេសាប, គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកប៉ែកនិរតីរាជធានីភ្នំពេញ និងបណ្តាគម្រោងថ្មីៗ មួយចំនួនទៀតដែលបាននឹងកំពុងអនុវត្តក្នុងឆ្នាំ ២០២២ ហើយនឹងត្រូវអនុវត្តនាបណ្តាឆ្នាំខាងមុខទៀត ដែលរាជរដ្ឋាភិបាលជប៉ុនបានអនុម័តរួចហើយ ៕FB_IMG_1642668712694 FB_IMG_1642668715396 FB_IMG_1642668854816 FB_IMG_1642668841078 FB_IMG_1642668718477 FB_IMG_1642668743521 FB_IMG_1642668748743 FB_IMG_1642668751903 FB_IMG_1642668769288

You might like