ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី រួមដំណើរដោយឯកឧត្តម សាយ សំអាល់ ឯកឧត្តម គួច ចំរើន និងសហការី បានអញ្ជើញធ្វើទស្សនកិច្ចនៅស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២ ដែលមានទីតាំងស្ថិតនៅជាប់ឆ្នេរសុខា ក្រុងព្រះសីហនុ ដើម្បីពិនិត្យ និងស្វែងយល់ពីដំណើរការដកយកកាកសំណល់ ភាគល្អិត និងសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ ដែលអាចធ្វើឱ្យទឹកមានសុវត្ថិភាពមុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។
កន្លងមក បញ្ហាទឹកកខ្វក់ដែរហូរចូលក្នុងទឹកសមុទ្រ ត្រូវបានជាប្រធានបទចោទសួរពីសាធារណជន និងជាកង្វល់របស់ប្រជាជនក្នុងខេត្ត។ តាមរយៈការស្តារ និងកសាងស្ថានីយប្រព្រឹត្តកម្មកខ្វក់ក្នុងខេត្តផ្ទាល់ ពិតជាបានផ្តល់ជាដំណោះស្រាយ និងឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងចាំបាច់ក្នុងមូលដ្ឋានខេត្ត។ សូមជម្រាបជូនថា ខេត្តព្រះសីហនុ បានកសាងស្ថានីយប្រព្រឹត្តកម្មកខ្វក់ ចំនួន២រួចរាល់ហើយ ដែលសព្វថ្ងៃកំពុងប្រើប្រាស់យ៉ាងសកម្មសម្រាប់បន្សុទ្ធទឹកនៅទីក្រុងព្រះសីហនុ។ ក្នុងនោះស្ថានីយទី៣ ក៏បាន និងកំពុងសាងសង់ ដែលគ្រោងនឹងបញ្ចប់ពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ។
សមិទ្ធផលទាំងអស់នេះ គឺជាផ្នែកមួយក្នុងចំណោមសមិទ្ធផលជាច្រើនផ្សេងទៀតរួមមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សំណង់អគារ និងសណ្ឋាគារប្រណិតៗ ដែលបាន និងកំពុងលេចឡើងជាបន្តបន្ទាប់នៅក្នុងទឹកដីខេត្តព្រះសីហនុ «តារារះនាទិសនារតី» នៃព្រះរាជាណាចក្រម្ពុជា។ ទន្ទឹមនេះ ការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុង និងតាមឆ្នេរសមុទ្រ ការគ្រប់គ្រងអនាម័យ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តផ្ទាល់ផងដែរ។

