អភិបាលខេត្តត្បូងឃ្មុំបានផ្តល់កុំព្យូទ័រយួរដៃម្នាក់ដល់សិស្សពូកែនិទ្ទេសAជារង្វាន់លើក ទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត.!

(ត្បូងឃ្មុំ)៖ កុំព្យូទ័រយួរដៃ (computer latop) ចំនួន៥៤គ្រឿង ព្រមទាំងថវិកា ជារង្វាន់ដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅផ្តល់ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៤នាក់ ក្នុងឆ្នាំសិក្សា២០២០-២០២១ ដែលជាការលើកទឹកចិត្តដល់ប្អូនៗក្មួយៗខិតខំសិក្សា ប្រលងជាប់ទទួលបាននិទ្ទេសល្អ ក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុប២៩៤៤នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងមូល បើទោះបីជាស្ថិតក្នុងការលំបាកសិក្សារៀនសូត្រ ក្នុងបរិបទឆ្លងរីករាលដាលជំងឺកូវីដ១៩ជាសកលក្តី។

ក្នុងឳកាសសំណេះសំណាលផ្តល់រង្វាន់ និងថវិកាលើកទឹកចិត្តសិស្សឆ្នើមនិទ្ទេសA នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានចែកថវិកា ដល់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ជាការអរគុណដែលខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ រហូតក្មួយៗទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះផងដែរ។

ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរក្មួយៗទាំង៥៤រូប និងលោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្ស ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីដ៏សាកសមបំផុត មានទាំងចំណេះដឹងខ្ពង់ខ្ពស់ បុគ្គលិកលក្ខណៈល្អឥតខ្ចោះ មានសុជីវធម៍ គុណធម៍ និងប្រជាប្រិយភាពគ្រប់ស្រទាប់វណ្ណៈនៃពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា យុវជនសម័យតេជោ ពិតជាមានសំណាង ដែលមានឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយ ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តមបណ្ឌិត បន្តថា ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានធ្វើឲ្យកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ទើបប្រជាពលរដ្ឋមានឱកាសគ្រប់បែបយ៉ាង ក្នុងការរស់នៅប្រកបរបរទទួលទានចិញ្ចឹមជីវិត ពិសេសគឺមានឱកាសឲ្យកូនៗ ដែលជាទំពាំងស្នងឫស្សីបានរៀនសូត្រ និងឱកាសការងារយ៉ាងច្រើនរង់ចាំពួកគាត់ ទៅបំពេញ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្ថែមថា «ដូចនេះយើងត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពនេះឲ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ»។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានជំរុញឲ្យប្អូនៗក្មួយៗសិស្សានុសិស្ស យកសម្ភារៈសិក្សា និងថវិកាដែលផ្តល់ជូន ទៅប្រើប្រាស់ឲ្យចំគោលដៅ ខិតខំប្រឹងប្រែងរៀនសូត្របន្ត នាថ្នាក់ឧត្តមសិក្សា ពិសេសសិស្សានុសិស្សថ្នាក់វិទ្យាល័យនាជំនាន់ក្រោយៗទៀត ខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបានការលើកទឹកចិត្តដូចគ្នាបែបនេះ ពិសេសត្រូវចង់ចាំថា ចំណេះវិជ្ជាជាស្ពានឈានទៅរកជោគជ័យនិងកិត្តិយស សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូល ដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់ នាសព្វថ្ងៃនេះក្នុងការបន្តអភិឌ្ឍន៍ប្រទេស៕FB_IMG_1643017642238 FB_IMG_1643017688423 FB_IMG_1643017684697 FB_IMG_1643017644827 FB_IMG_1643017663580 FB_IMG_1643017659429 FB_IMG_1643017656399 FB_IMG_1643017653676 FB_IMG_1643017650733 FB_IMG_1643017648218 FB_IMG_1643017673474

You might like