បន្ទាយមានជ័យ: ក្រោយពីមានសេចក្តីរាយការណ៍ និងមានអ្នកសារពត៌មានមួយចំនួនផ្សាយថាមានអ្នកញៀនល្បែងលួចបើកជល់មាន់ ភ្នាល់ខុសច្បាប់នៅជិតកាស៊ីណូហ្គោលដិនក្រោន ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកម្លាំងនគរបាលចុះទៅពិនិត្យនិង បង្ក្រាបហើយ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងថា លោកបានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យទីតាំងនោះហើយ ពិតជាមានទីតាំងមែនតែពុំមានមនុស្សញៀនល្បែងបើកលេងប្រជល់មាន់ទេ ដោយទីតាំងនេះបានចាក់សោរបិតជិត។
ទោះបីជាយ៉ាងណាក្តីលោកនិងដាក់កម្លាំងតាមដានជាប់ជាប្រចាំក្រែងលមានករណីលបលួចបើកលេងល្បែងស៊ីសងខុសច្បាប់នៅតែបន្តទៀត។
លោកអធិការក្រុងប៉ោយប៉ែត បានបញ្ជាក់ថាកន្លងទៅយោងការស្រាវជ្រាវ បានបង្ហាញថាក្រុមជនខិលខូច តែងតែលេងចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីបង្វែងដានសមត្ថកិច្ច ហើយកម្លាំងយើងក៏ធ្លាប់បង្រ្កាបនិងចាត់ការតាមច្បាប់ជាបន្តបន្ទាប់ផងដែរ។
ដើម្បីឲ្យភូមិឃុំយើងមានសុវត្ថិភាព សូមបងប្អូនប្រជាពលរដ្ឋនិងអ្នកសារពត៌មានជួយរាយការណ៍មកសមត្ថកិច្ច ដើម្បីឲ្យសមត្ថកិច្ចយើងចាត់វិធានការតាមច្បាប់បានទាន់ពេលវេលា៕

