ខេត្តបន្ទាយមានជ័យ : កំលាំងនគរបា លបង្រ្កាបមុខសញ្ញាជាជនជាតិថៃប្រុស ស្រី០២នាក់ពីបទជួញដូរគ្រឿងញៀន ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀននិងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯកធិន ស៊ិនដេតស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះបង្រ្កាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃប្រុស ស្រីចំនួន០២នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថាមានករណីជួញដូរ នឹងប្រើប្រាស់ថ្នាំញៀន នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយ ប៉ែត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឲ្យលោកដឹកនាំ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការស្រាជ្រាវ ដល់ទីតាំងដែលប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន២នាក់/ស្រី០១នាក់៖ ១/-ឈ្មោះ សុវណ្ណារ៉ាត់ សាំលី ( Suwannarat Sumlle)ភេទស្រី អាយុ៣២ឆ្នាំ(ជនជាតិ ថៃ), ២/-ឈ្មោះ ឆៃយ៉ាផន ភុនធុម(Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំ(ជនជាតិថៃ) ។
លោកស្នងការរងបានបញ្ជាក់ថា៖ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងដកហូតបានវត្ថុតាងមាន៖១/-ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥,២/-ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ ប្រហែល៣០០០ គ្រាប់,៣/-ម្សៅក្រាមសថ្លា ចំនួន១០៣ថង់ ,៤/- សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ៥/- កូនជញ្ជីងចំនួន១។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបន្តឲ្យដឹងទៀតថា៖ជនសង្ស័យទាំង០២នាក់ កម្លាំងនគរបាលជំនាញកំពុងសាកសួរចម្លើយ រកអ្នកពាក់ព័ន្ធបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តចាត់ការតាមនិតិវិធី ច្បាប់ផងដែរ៕
