៖នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាអគ្គនាយករង និងជាប្រធាននាយកដ្ឋាននៃមជ្ឈមណ្ឌលជាតិ ចុះទៅពិនិត្យមើលការហ្វឹកហ្វឺនរបស់កងកម្លាំងមួកខៀវកម្ទេចគ្រាប់មិនទាន់ផ្ទុះដែលជាកងថ្មី ត្រៀមចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងពិនិត្យមើលសម្ភារៈបរិក្ខារួមទាំងរថយន្តត្រៀមបញ្ជូនទៅក្នុងតំបន់បេសកកម្មអង្គការសហប្រជាជាតិ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច និងនៅវិទ្យាស្ថានហ្វឹកហ្វឺនកម្លាំងរក្សាសន្តិភាព នៅស្រុកឧដុង្គកំពង់ស្ពឺ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឈមណ្ឌលជាតិ បញ្ជាក់ថា នៅក្នុសប្តាហ៍ក្រោយគណៈកម្មការវាយតំលៃពីការិយាល័យកណ្តាលរបស់អង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក មកធ្វើទស្សនកិច្ច និងវាយតំលៃកងកម្លាំងរក្សាសន្តិភាព និងសម្ភារៈបំពាក់មុនការចល័តទៅតំបន់បេសកកម្ម។
ចំពោះការរៀបចំកងថ្មីនេះ គណៈកម្មការវាយតំលៃរបស់អង្គការសហប្រជាជាតិ បានសម្តែងការកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែល បាននិងកំពុងត្រៀមលក្ខណៈចល័តកងកម្លាំងកម្ទេចគ្រាប់ ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល នាពេលខាងមុខ។ នេះបើយោងតាមលិខិតរបស់ការិយាល័យអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២៕

