ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានទទួលជួបពិភាក្សា នាយកប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក..!

នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សា ការងារជាមួយលោក Benoir Bosquet នាយកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ទទួលបន្ទុកការអភិវឌ្ឍន៍ចីរភាពសកល និងសហការីនៃធនាគារពិភពលោក នៅឯទីស្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណង នៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យ និងវាយតម្លៃទៅលើដំណើរការគម្រោងនានានៅក្នុងវិស័យកសិកម្ម និងការរៀបចំផែនការគាំទ្រគម្រោងកម្មវិធីសម្រាប់វិស័យកសិកម្មបន្ថែមទៀតនាពេលអនាគត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណចំពោះធនាគារពិភពលោក ដែលបានចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាពិសេសក្នុងវិស័យកសិកម្ម។ នៅក្នុងបរិបទការរាតត្បាតនៃជំងឺកូវីត ធនាគារពិភពលោកបានចូលរួមគាំទ្រដល់ការទ្រទ្រង់ជីវភាពកសិករ និងគ្រួសារដែលរងផលប៉ះពាល់ពីជំងឺ១៩ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលបានចូលរួមដោះស្រាយបញ្ហាសន្តិសុខស្បៀង និងចំណូលរបស់ប្រជាកសិករ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជម្រាបជូនថា ដំណើរគម្រោងទាំងឡាយក្រោមហិរញ្ញប្បទានឥណទាន របស់ធនាគារពិភពលោកមានដំណើរការរលូនល្អ និងបានជួយជំរុញកំណើនផលិតផលកសិកម្ម ជាពិសេសចូលរួមក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច។

លោក Benoir Bosquet បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការសហការជាមួយធនាគារពិភពលោក ក្នុងដំណើរការរៀបចំ និងអនុវត្តគម្រោងបានជោគជ័យនាពេលកន្លងមក។ ជាមួយគ្នានេះ ធនាគារពិភពលោកកំពុងពិនិត្យពិចារណាលើការគាំទ្របន្ថែមទៀត នៅក្នុងអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងវិស័យកសិកម្ម និងដើម្បីធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ សុខមាលភាពសាធារណៈ និងបង្កើនការនាំចេញផងដែរ។ ក្រៅពីនេះធនាគារពិភពលោក ក៏មានគម្រោងរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតប និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម ដើម្បីធានានិរន្តភាពនៅក្នុងវិស័យនេះ។

ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងសេចក្តីរីករាយ និងស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក និងត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំគម្រោង កម្មវិធី និងផែនការនានាដែលពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម។

ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ដំណើរទស្សនកិច្ចរបស់លោក Benoir Bosquet និងសហការីទទួលបានផ្លែផ្កាប្រកបដោយភាពជោគជ័យ។FB_IMG_1647928239207 FB_IMG_1647928241773 FB_IMG_1647928246128 FB_IMG_1647928248983 FB_IMG_1647928253628 FB_IMG_1647928276635

You might like