បន្ទាយមានជ័យ:នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៅសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ អគ្គមហាបាសិកាពុទ្ធសាសនរូបត្ថមក៍ ម៉ៅ ម៉ាល័យ លោកជំទាវ ញ៉ែម សាខន ក្រឡាហោម សខេង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និង លោកជំទាវ កែ សួនសុភី ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គណគ្រប់គ្រង លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ បុគ្គលិក នៃសាកលវិទ្យាល័យជាតិមានជ័យ លោក លោកស្រី មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ភ្ញៀវជាតិ អន្តរជាតិ មាតាបិតា ព្យាបាល និងនិស្សិតជាង 500 នាក់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ សាទរចំពោះនិស្សិតជ័យលាភី ដែលបានប្រលងបញ្ចប់ថ្នាក់ទទួលបានលទ្ធផលល្អ ហើយក៏សូមជូនពរដល់និស្សិតដែលកំពុងសិក្សារៀនសូត្រ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្របន្ថែមទៀត ដើម្បីក្រោយបញ្ចប់ការសិក្សា ទទួលបានទាំងសញ្ញាបត្រ និងគុណភាព យកទៅប្រើប្រាស់ជាប្រយោជន៍ ប្រកបរបរចិញ្ចឹមជីវិត និងយកចំណេះដែលមានរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ ទន្ទឹមគ្នានោះលោកក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរត្រូវជម្រុញប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នឹងបន្តអនុវត្តវិធានការសុខាភិបាលគឺ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺកូវីដបំលែងខ្លួនថ្មីទាំងអស់គ្នា៕

