បន្ទាយមានជ័យ៖ ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំង ដែលកំពុងឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេន និងជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការ លោក លោកស្រី និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមពិតជាមានមោទនភាព និងសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់កងម្លាំងគ្រប់ប្រភេទនៅតាមភូមិសាស្រ្តទាំងអស់ ក្នុងការរួមចំណែកការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ ក្នុងរយៈពេលកន្លងមកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យ និងសេចក្តីថ្លៃថ្នូរ មិនខា្លចនឿយហត់ ចាកឆ្ងាយពីក្រុមគ្រួសារ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រប់ជាន់ថ្នាក់ អាជ្ញាធរ ដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ វិស័យសាសនា វិស័យឯកជន កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជន និងប្រជាជនខេត្តបន្ទាយមានជ័យទាំងមូល ចំពោះការរួមចំណែកពង្រឹងបាននូវខឿនការពារជាតិ ឯករាជ្យ អធិបតេយ្យភាព ការទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិនានា ដើម្បីអភិវឌ្ឍខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីសារ:សំខាន់តួនាទី និងភារកិច្ចរបស់កងកម្លាំងគ្រប់ប្រភេទក្នុងការចូលរួមថែរក្សាការពារបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ។ មិនតែប៉ុណ្ណោះក្រៅពីកិច្ចការស្នូលនេះ កងកម្លាំងយើងបានចូលរួមបង្រ្កាបនិងទប់ស្កាត់បទល្មើសឆ្លងដែន គ្រឿងញៀន ជួញដូរមនុស្ស ព្រៃឈើ បទល្មើសបច្ចេកវិទ្យា និងបទល្មើសនានានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយទទួលខុសត្រូវ ជាពិសេសការចូលរួមទប់ស្កាត់ការរីករាលដាលជំដឺកូវីដ-១៩។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា សមិទ្ធិផលរបស់កងម្លាំងយើង គឺកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីនយោបាយកំណែទម្រង់ដ៏មុតស្រួច ដែលមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ធនធានមនុស្ស មានការអភិវឌ្ឃជាបន្តបន្ទាប់ស្របតាមចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។
ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់កងកម្លាំងគ្រប់ប្រភេទដែលកំពុងឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗដែលរួមមាន៖ បន្តចូលរួមកសាង និងពង្រឹងខឿនការពារជាតិឲ្យបានរឹងមាំ ប្តូរផ្តាច់ការពារសន្តិភាព ស្ថិរភាពនយោបាយ ការពារអធិតេយ្យ បូរណភាពដែនដីរបស់យើង។ ចូលរួមបោះឆ្នោតក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥នៅពេលខាងមុខ។ ចូលរួមពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយអង្គភាពពាក់ព័ន្ធ។បន្តចូលរួម និងជួយអន្តរាគមន៍ចាំបាច់សមស្របនានា ក្នុងពេលដែលប្រជាជនជួបគ្រោះមហន្តរាយធម្មជាតិ។ បន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១-៩។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់កងកម្លាំង គ្រូពេទ្យ អ្នកជំងឺកំពុងសម្រាកព្យាបាល កម្មករ និងអ្នកពាក់ព័ន្ធទាំងអស់។

