ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងលោកស្រី ប៉ែន រនតៈរំចង់ ព្រមទាំងសហការី “បានរៀបចំពិធីសូត្រមន្ត លើករាសី ប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ.ស.២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ និងទស្សនាការសំដែងរបាំត្រុឌជូនពរជ័យដល់ថ្នាក់ដឹកនាំស្នងការនគរបាលខេត្ត ”
ពិធីនេះក៏មានការនិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ចូលកើតមានដល់អ្នកឱ្យបានគ្រប់ៗគ្នា និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឱ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ក៏បានជូនពរឆ្នាំថ្មីជូនដល់អង្គពិធី និងបានធ្វើការបួងសួងសូមឲ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តតាកែវ ដែលមានលោកតាកែវ យាយកែវ សូមតាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវរៈបុរសកុលបុត្រខ្មែរដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានធ្វើការឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ដែលមានទេវតាព្រះនាម កិរិណីទេវី ដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១៣កើត ថ្ងៃសុក្រ ១៤កើត និងថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២២នេះផងដែរ៕

