ឯកឧត្តមសុខលូនិងលោកជំទាវអញ្ជើញ សំណេះសំណាលនិងសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២០០គ្រួសារនៃស្រុកបវេលខេត្តបាត់ដំបង..!

រសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា និងសប្បុរសជន បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ ជនចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន និងជនទីទ័លក្រ សរុបចំនួន ២០០គ្រួសារ មកពីឃុំចំនួន២គឺឃុំបឹងប្រាំ ចំនួន ៥៤គ្រួសារ និងឃុំឃ្លាំងមាសចំនួន១៤៦គ្រួសារ នៃ ស្រុកបវេល ខេត្តបាត់ដំបង ពិធីនេះប្រារព្វធ្វើនៅបរិវេនសាលាបវេល ។

ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ និងតែងតែគិតគូរពីសុខទុក្ខ ព្រមទាំងយកចិត្តទុកដាក់ជានិច្ចចំពោះជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឯកឧត្តម បានបន្តទៀតថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែង ស្វែងរកប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមសុខ លូ បាននាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ និងប្រុងប្រយ័ត្នចំពោះការកើនឡើងកំដៅខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង បានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បាន ហើយអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើង ដើម្បីការអភិវឌ្ឍ និងភាពសុខដុមរមនាក្នុងក្រុមគ្រួសារ និងបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាកស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា និងបន្តអប់រំកូនចៅឲ្យយល់ដឹងអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបញ្ហានេះនៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ ជាពិសេសបញ្ហាបរិស្ថានក៏ជាបញ្ហាចម្បងដែលប្រជាពលរដ្ឋត្រូវតែចេះថែរក្សាបរិស្ថានសាធារណៈឲ្យស្អាតជាប្រចាំ ។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស,ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងជែល១ដបផងដែរ ៕IMG_20220502_091040 IMG_20220502_091116 IMG_20220502_091059 FB_IMG_1651457331868 IMG_20220502_091150 IMG_20220502_091133

You might like