នៅរសៀលថ្ងៃពុធ៣រោចខែពិសាខឆ្នាំខាលចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ឯកឧត្តមសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាត់ដំបងបានបន្តសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅភូមិកាប់គោថ្មីសង្កាត់អូរចារក្រុងបាត់ដំបងចំនួន១,៥០៥នាក់ ដែលពិធីសំណេះសំណាលនេះរៀបចំឡើងនៅទីតាំងចំនួន២
-ទីតាំងទី១ នៅផ្សារទំនើបភួពុយ ចំនួន៧៥៥នាក់
-ទីតាំងទី២ នៅវត្តទួលដូនប៉ុក ចំនួន៧៥០នាក់ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បាននាំយក ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបងនិងលោកជំទាវ ដែលសម្ដេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងជានិច្ចនិងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ចូរថែរក្សាសុខភាពឱ្យបានល្អតាមរយៈការហូបស្អាតរស់នៅស្អាតនិងពិសារទឹកស្អាតនិងត្រូវបន្តសំអាតបរិស្ថានសណ្ដាប់ធ្នាប់ផ្ទះឱ្យស្អាតជានិច្ច ។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចំពោះប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ។
ឯកឧត្តមសុខ លូបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមថែរក្សាសន្ដិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចខិតខំស្វែងរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីប្រទេសមានសុខសន្ដិភាពហើយបើសិនជារក្សាបាននូវសុខសន្ដិភាពនេះនឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានការរីកចម្រើន អភិវឌ្ឍន៍ឈានទៅមុខបន្តទៀតជាពិសេសនឹងក្លាយជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ២០៥០ខាងមុខនេះ ។
ឯកឧត្តមក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ឬដូសជំរុញរួចរាល់សូមរួសរាន់ទៅបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៤ក្រោយរយៈពេល៣-៤ខែបន្ទាប់ពីចាក់ដូសទី៣រួចរាល់នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ដែលនៅជិតផ្ទះប្រជាពលរដ្ឋរស់នៅឬអាចមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩បានភ្លាមៗដោយរដ្ឋបាលខេត្តបាត់ដំបងបានធ្វើការរៀបចំក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩នៅទីកន្លែងសំណេះសំណាលផ្ទាល់តែម្ដង ដោយប្រជាពលរដ្ឋមិនពិបាកវិលត្រឡប់មកចាក់សារជាថ្មីម្ដងទៀត ៕



