នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ដីជូនប្រជាពលរដ្ឋចំនួន៣៤ក្បាលដី ស្មើនឹង៣៤គ្រួសារ ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ចំពោះក្បាលដីចំនួន៣៤ក្បាលដីដែលប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន៣៤គ្រួសារនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពជាគោលការណ៍កាត់ឆ្វៀលផ្ទៃដីទំហំ ៤,៤៦៧ម៉ែត្រការ៉េ ចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងពាណិជ្ជកម្ម (អង្គភាពប្រើប្រាស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង) ដើម្បីប្រគល់ជូនប្រជាពលរដ្ឋចំនួន៣៤គ្រួសារ ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងកាត់ផ្ទៃដីទំហំ ២,១៥៥ម៉ែត្រការ៉េ សម្រាប់ធ្វើជាផ្លូវសាធារណៈ ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា បើទោះបីជាការប្រគល់នេះមានភាពយឺតយ៉ាវមែន តែការកាត់ដីចេញពីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ មិនមែនជារឿងងាយស្រួលទេ ដោយត្រូវការនិតិវីធីជាច្រើន ទើបអាចធ្វើការកាត់ចេញពីទ្រព្យសម្បត្តិរដ្ឋ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ។ ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានក្បាលដីហើយ សូមបន្តនិតិវិធីរបស់ខ្លួនជាបន្តទៀត តាមការណែនាំរបស់មន្រ្ដីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដើម្បីបានសិទ្ធិស្របច្បាប់លើម្ចាស់កម្មសិទ្ធិដីដែលប្រជាពលរដ្ឋទើបទទួលបាននាពេលនេះ ។
ឯកឧត្តម បានមានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សូមរួសរាន់ចាក់នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដែលរដ្ឋបាលក្រុង ស្រុកបានរៀបចំ ចំណែកប្រជាពលរដ្ឋដែលចាក់ដូសទី៣រួចរាល់បន្ទាប់ពី៣-៤ខែ ក៏អាចបន្តចាក់ដូសទី៤បន្តបន្ទាប់ទៀត ។
ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រៀមលក្ខណៈ និងត្រៀមឯកសារមួយចំនួនសម្រាប់ចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋគំរូផងដែរ ៕

