នៅថ្ងៃចន្ទទី៣០ខែឧសភាឆ្នាំ២០២២
នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញក្នុងពិធីដាំដើមឈើនៅក្នុងបរិវេណនៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមវីសំណាងអភិបាលនៃគណៈបាលខេត្តកំពង់ស្ពឺព្រមទាំងពីសំណាក់ថ្នាក់ដឹកនាំ ឥស្សរជន លោកជំទាវភរិយាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិជាតិកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស និស្សិត និងពុទ្ធសាសនិកជនជាច្រើននាក់ផងដែរ។
ពិធីដាំដើមឈើនាថ្ងៃនេះ គឺជាឱកាសដើម្បីអបអរសាទរនូវសមិទ្ធផលដែលបាននិងកំពុងកសាងជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងជាក្តីមោទនភាពមួយដែលបង្ហាញពីព្រះរាជាណាចក្រកម្ពុជាយើង មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់វប្បធម៌ សីលធម៌ និងវិស័យព្រះពុទ្ធសាសនាផងដែរ។ ជាមួយគ្នានេះ ក៏បានឆ្លុះបញ្ចាំងពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ដែលក្រៅពីការផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ក៏មានសកម្មភាពផ្សេងៗទៀតជាច្រើនទៅតាមវិស័យអាទិភាពទាំង៤ ហេីយដែលក្នុងនោះគឺមានការបន្តពង្រឹងភាពធន់សហគមន៍ ការដោះស្រាយបញ្ហាប្រឈមនានាដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ តាមរយៈសកម្មភាពចូលរួមលើកកម្ពស់ និងថែរក្សាបរិស្ថានក្នុងឱកាសនេះផងដែរ។
សូមបញ្ជាក់ថា សមិទ្ធផលនានា ដែលបាននិងកំពុងកសាងនៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គឺបានមកពីព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងមានការចូលរួមពី អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងថ្នាក់ដឹកនាំ សប្បុរសជនគ្រប់មជ្ឈដ្ឋានផងដែរ។
ទៅតាមកម្មវិធីនាថ្ងៃនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ បានអញ្ជើញទស្សនាមហាប្រាសាទតម្កល់គម្ពីរព្រះត្រៃបិដក ដែលជាកន្លែងទ្រទ្រង់ពុទ្ធវចនៈ ចារនៅលើថ្មក្រានីត ហើយដែលអាចរក្សាទុកបានរាប់ពាន់ឆ្នាំ ទុកជាសម្បត្តិបុណ្យ ក៏ដូចជាសម្បត្តិជាតិសម្រាប់គោរពបូជាយូរអង្វែងតទៅ។
ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ ក៏បានអញ្ជើញបូជាគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ និងប្រគេនទេយ្យវត្ថុ-បច្ច័យដល់ សម្តេចសង្ឃ និងព្រះសង្ឃ ១២អង្គ ដែលនិមន្តមកពីវត្តចំនួន ១២ (ក្នុងនោះសម្តេចសង្ឃ ៣អង្គ និមន្តមកពីវត្តចំនួន៣ នៃរាជធានីភ្នំពេញ និងព្រះសង្ឃ ៩អង្គ ជាព្រះមេគណខេត្ត ជាព្រះគ្រូចៅអធិការ ជាតំណាងឱ្យវត្តចំនួន៩ នៅក្នុងខេត្តកំពង់ស្ពឺ)។ បច្ច័យប្រគេនវត្តនីមួយៗ ចំនួន ៥លានរៀល។ ដោយឡែក ចំពោះវត្ត នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ប្រគេនបន្ថែមនូវ អង្ករ ២០០គីឡូក្រាម, មី ១០កេស, ត្រីខ ៣កេស, សាច់ក្រក ១០គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, ស្ករសរ ១០គីឡូក្រាម, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, តែ ៥គីឡូក្រាម, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស និងផ្លែឈើស្រស់ ១កន្ត្រក។ ប្រគេនសម្តេចសង្ឃ ៣អង្គ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យ ១លានរៀល, ប្រគេនព្រះសង្ឃ ៩អង្គ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យ ៥០ម៉ឺនរៀល៕

