ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋាន កសាងផ្លូវចំនួន៤ខ្សែ រួមមាន៖ ១. ផ្លូវក្រាលកៅស៊ូDBST ចំនួន១ខ្សែ ប្រវែង៦ ៥៦៧ម៉ែត្រ តភ្ជាប់ពីភូមិព្រះស្រែ ឃុំតាឡំ ទៅភូមិដូនចែង ឃុំព្រះនេត្រព្រះ ២. ផ្លូវចាក់បេតុង១ខ្សែ ប្រវែង៣៩០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ចូលរ៉ារថភ្លើង ភូមិគោកស្វាយ ឃុំឬស្សីក្រោក ៣. ផ្លូវចាក់បេតុង១ខ្សែ ប្រវែង១៧០០ម៉ែត្រ តភ្ជាប់ពីភូមិតាឡំ ទៅឃុំស្រែរាំង ៤. ផ្លូវក្រាលថ្មបំបែក ១ខ្សែ ប្រវែង១៧០០ម៉ែត្រ តភ្ជាប់ពីភូមិគយម៉ែង ឃុំគយម៉ែង ទៅភូមិចុងគោក ឃុំតាឡំ ដែលស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោកអភិស្រុកមង្គលបូរីរួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេន និងជូនចំពោះ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសស្រុកមង្គលបូរីទាំងអស់ សូមប្រកបតែនឹងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ក្នុងការដឹកនាំ និងគ្រងគ្រងការងារប្រយុទ្ធប្រឆាំងកូវីដ១៩ បានជោគជ័យនៅក្នុងប្រទេស តាមរយៈយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង និងវិធានការនានាដើម្បីការពារសុខុមាលភាព និងសង្គ្រោះជីវិតប្រជាជន ព្រមទាំងបើកដំណើរការប្រទេសឡើងវិញ និងទទួលបានការគាំទ្រនិងអបអរសាទរពីសហគមន៍ជាតិ និងអន្តរជាតិ រហូតមកដល់ថ្ងៃនេះ ម៉ោងនេះកម្ពុជាយើងពុំមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មីទៀតទេ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធស្រុកមង្គលបូរី ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងខឿនការពារជាតិ ការពារបូរណភាពដែនដីនៃមាតុភូមិបានយ៉ាងរឹងមាំ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថាប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេច អគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍគ្រប់វិស័យ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោតជាសំខាន់លើវិស័យអាទិភាពទាំង៤ “មនុស្ស ផ្លូវ ភ្លើង ទឹក” ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ មិនតែប៉ុណ្ណោះនៅក្នុងកម្មវិធី នយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត ការតភ្ជាប់ បណ្តាញអគ្គីសនី និងលើកកម្ពស់ការទទួលបានទឹកស្អាតនៅទីជនបទ។ ហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍រួមមាន៖ ផ្លូវលំជនបទ ផ្លូវជាតិ-ផ្លូវខេត្តចាក់ កៅស៊ូ និងបេតុង ផ្លូវដែក ផ្លូវអាកាស និងហេដ្ឋារចនាម្ព័ន្ធរាជធានី ខេត្តនានាត្រូវបានបន្តកសាងឥតឈប់ឈរដើម្បីពង្រីកវិសាលភាពនៃកាតភ្ជាប់បណ្តាញគមនាគមន៍ ដែលជាសសៃឈាមនៃសេដ្ឋកិច្ច សម្រាប់បម្រើឲ្យវិស័យដឹកជញ្ជូនពហុមធ្យោបាយ តភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងអភិវឌ្ឍរបៀងសេដ្ឋកិច្ចគន្លឹះឲ្យកាន់តែមាន លក្ខណៈងាយស្រួលនិងប្រកួតប្រជែង ដើម្បីទ្រទង់សកម្មភាពសេដ្ឋកិច្ចជាតិ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដូចនេះការបើកការដ្ឋានកសាងផ្លូវ៤ខ្សែនៅស្រុកមង្គលបូរីនៅព្រឹកនេះនឹងក្លាយជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលនានារបស់ខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមូលដ្ឋាន បង្កើនល្បើនក្នុងការធ្វើដំណើរ ដឹកជញ្ជូន និងតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចនានា ឲ្យកាន់តែមានលក្ខណៈងាយស្រួលនិងប្រកួតប្រជែង ក៏ដូចជាសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍ប្រជាពលរដ្ឋ។
សមិទ្ធិផលនៃការអភិវឌ្ឍប្រកបដោយចិរភាពនៅក្នុងប្រទេសទាំងអស់នេះ គឺជាផ្លែផ្កានៃ សន្តិភាព និងស្ថិរភាពនយោបាយ ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារទឹកដី សុខសន្តិភាព និងសមិទ្ធិផលអភិវឌ្ឍទាំងឡាយ បន្តខិតខំស្តារហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដែលបានខូចខាត ដើម្បីបម្រើឱ្យការធ្វើដំណើរ វិស័យធារាសាស្រ្ត វិស័យដឹកជញ្ជូន របស់ប្រជាពលរដ្ឋ បន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចូលរួមអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ នៅតាមមូលដ្ឋាន ព្រមទាំងអំពាវនាវឲ្យប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចូលរួមបោះឆ្នោតក្រុម ប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

