បន្ទាយមានជ័យ៖ នៅថ្ងៃទី ២ ខែ មិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង លោក ជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ និងជាប្រធានកត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ ចំនួន០៤ខ្សែរ ប្រវែង ១០,៣៥៧ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅភូមិ តាឡំកណ្តាល ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានប្រសាសថាការកសាងប្រព័ន្ធគមនាគមន៍ គឺជាបង្កើតសសៃឈាមសេដ្ឋកិច្ចសម្រាប់ វិស័យដឹកជញ្ជូនពហុមធ្យោបាយ តភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងអភិវឌ្ឍរបៀងសេដ្ឋកិច្ចគន្លឹះឲ្យកាន់តែមានលក្ខណៈងាយស្រួលនិងប្រកួតប្រជែង ក៏ដូចជាសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍ប្រជាពលរដ្ឋ។
ដូចនេះការបើកការដ្ឋាន កសាងផ្លូវចំនួន៤ខ្សែរ ប្រវែងជាង១០,៣៥៧ម៉ែត្រ នៅស្រុកមង្គបូរី នៅព្រឹកនេះ នឹងក្លាយជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលនានារបស់ខេត្តបន្ទាយមានជ័យ ក្នងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមូលដ្ឋាន បង្កើនល្បើនក្នុងការធ្វើដំណើរ ដឹកជញ្ជូន និងបានតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចនានា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារទឹកដី សុខសន្តិភាព និងសមិទ្ធិផលអភិវឌ្ឍទាំងឡាយ បន្តខិតខំស្តារហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដែលបានខូចខាត ដើម្បីបម្រើឱ្យការធ្វើដំណើរ វិស័យធារាសាស្រ្ត វិស័យដឹកជញ្ជូន របស់ប្រជាពលរដ្ឋ បន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចូលរួមអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ នៅតាមមូលដ្ឋាន ព្រមទាំងអំពាវនាវឲ្យប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចូលរួមបោះឆ្នោតក្រុម ប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

