ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការមជ្ឈមណ្ឌលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជម្រុញឬដូសទី៥ ជូនដល់ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមេបញ្ជាការកំពូលដឹកនាំផ្ទាល់ ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងមេរោគកូវីដ-១៩ បានដាក់ចេញនូវ យុទ្ធសាស្ត្រផ្ការីកនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពិសេសការប្រមូលផ្តុំ វិធានការសរុប ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្នុងនោះក៏មានកម្លាំងកងយោធពលខេមរភូមិន្ទ វេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យមជ្ឈមណ្ឌលជាតិ បានរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងទូទាំងប្រទេស។
ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការឧបត្ថម្ភគាំទ្រទាំងថវិកា សម្ភារៈប្រយុទ្ធប្រឆាំងកូវីដ១៩ ដល់កម្លាំងមួកខៀវកម្ពុជានៅក្នុងគ្រប់តំបន់បេសកកម្មផងដែរ។ ឯកឧត្តម សែម សុវណ្ណនី បានបញ្ជាក់ទៀតថា ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យមជ្ឈមណ្ឌលជាតិបានចូលរួមយ៉ាងសកម្ម ក្នុងការធ្វើនវានុវត្តន៍សមត្ថភាពផ្នែកវិទ្យាសាស្រ្ត សុខាភិបាល បង្កើនស្មារតីទទួលខុសត្រូវ និងមានម្ចាស់ការលើការការពារនិងព្យាបាលដោយខ្លួនឯងផង និងបានមានការប្រឹក្សាពីសំណាក់ក្រសួងសុខាភិបាលកម្ពុជា គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងពីសំណាក់មន្ទីរពេទ្យកម្រិត១ កម្រិត២ និងកម្រិត៣នៃតំបន់បេសកកម្ម។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធានក្រុមការងារចាក់ វ៉ាក់សាំងកូវីដ១៩ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានប្រសាសន៍ថា កន្លងទៅមជ្ឈមណ្ឌលជាតិបាន អនុវត្តយុទ្ធសាស្ត្រផ្ការីក ដោយចាប់ផ្តើមចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ក្រហមនៃរាជធានីភ្នំពេញ ក្នុងសង្កាត់បឹងសាឡាង និងសង្កាត់ផ្សារដើមគរ នូវដូសទី១ មានចំនួន១៧ ៣១៦នាក់និងដូសទី២ មានចំនួន២៤ ០៦៦នាក់។ មិនតែប៉ុណ្ណោះ ក្រុមការងារចាក់វ៉ាក់សាំងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបន្តចុះជួយចាក់វ៉ាក់សាំង នៅតាម ឃុំចំនួន៦ មានឃុំវាលពង់, ព្រៃក្រសាំង, ជំពូព្រឹក្ស, ត្រាចទង, ក្រាំងចេក និងឃុំមានជ័យ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ សម្រាប់ដូសទី១និងដូសទី២មានចំនួន២១២៦៥នាក់។ ដោយឡែក យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣/ដូសជម្រុញ (AstraZeneca) ដល់កងទ័ព គ្រួសារកងទ័ព អង្គភាពចំណុះមជ្ឈមណ្ឌលជាតិ និង អតីតយុទ្ធជន បានចំនួនសរុប ៤ ៥៥៥នាក់ និងបានបន្តអនុវត្តដូសទី៤ ជូនកងទ័ង និង គ្រួសារ កងទ័ព បានចំនួនសរុប ៣០០០ ដូស។ កម្លាំងមួកខៀវ របស់មជ្ឈមណ្ឌលជាតិ ក៏បាននាំយកវ៉ាក់សាំងដូសជម្រុញ ដូសទី៣ ទៅចាក់ជូនកម្លាំងអាវុធហត្ថកម្ពុជា ដែលឈរជើងនៅសាធារណរដ្ឋស៊ូដង់ខាងត្បូងផងដែរ។ ឯកឧត្តម បន្តថា ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 មជ្ឈមណ្ឌលជាតិធ្វើការចាក់ដូសជំរុញ ឬដូសទី៥ ដល់នាយទាហាន នាយទាហានរង និងពលទាហាន មជ្ឈមណ្ឌលជាតិនិងអង្គភាពចំណុះមជ្ឈមណ្ឌលជាតិ ព្រមទាំងក្រុមគ្រួសារ ដែលមានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៕

