កំពង់ស្ពឺ៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពុហជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អនុញ្ញាតឱ្យប្រតិភូក្រសួការពារជាតិជប៉ុនចូលជួបពិភាក្សាការងារ ដឹកនាំដោយ ឯកឧត្តម Tatsuya KAIEDA នាយកផ្នែកគោលនយោបាយ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការពារជាតិជប៉ុន។
ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តម នាយឧត្តមសែម សុវណ្ណនីបានលើកឡើងថាកងទ័ពមួកខៀវកម្ពុជាមុនចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ គឺត្រូវបានឆ្លងកាត់ការហ្វឹកហ្វឺនលើជំនាញផ្សេងៗ ជាពិសេសជំនាញវិស្វកម្ម គឺមានយោធាចារ្យជប៉ុន បានធ្វើការបណ្តុះបណ្តាលផងដែរ ជាក់ស្តែងបច្ចុប្បន្នយោធាចារ្យជប៉ុន កំពុងធ្វើបណ្តុះបណ្តាល វិស្វកម្មលើជំនាញតូប៉ូ ដែលត្រូវបិទវគ្គបណ្តុះបណ្តាលនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះផងដែរ។
ជាមួយគ្នា ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើទៅភាគីជប៉ុនបន្តជួយហ្វឹកហ្វឺន បណ្តុះបណ្តាល លើជំនាញនានា មកដល់កងកម្លាំងមួកខៀវកម្ពុជា ដើម្បីបង្កើតសមត្ថភាព មុនបញ្ជូនចេញទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ។
ឯកឧត្តម សែម សុវណ្ណនី ក៏បានជម្រាប់ជូនទៅ ឯកឧត្តម Tatsuya KAIEDA ថា នាឆ្នាំខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំហ្វឹកហ្វឺនបណ្តុះបណ្តាលជាលក្ខណៈត្រីភាគី មានកម្ពុជា ជប៉ុន និងអង្គការសហប្រជាជាតិ ដែលមានសិក្ខាកាម មកពីជុំវិញពិភពលោក ដើម្បីចូលរួមហ្វឹកហ្វឺន និងបណ្តុះបណ្តាលលើជំនាញវិស្វកម្ម សម្រាប់កងទ័ពរក្សាសន្តិភាព។
ឯកឧត្តម Tatsuya KAIEDA លើកឡើងថា ចំពោះបញ្ហាហ្វឹកហ្វឺនត្រីភាគី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលមានការចូលរួមពីជប៉ុនផងដែរនោះ ខាងជប៉ុននឹងសហការល្អជាមួយកម្ពុជា។ ចំពោះការហ្វឹកហ្វឺនលើជំនាញ រក្សាសន្តិភាព ក្រសួងការពារជាតិជប៉ុន នឹងបន្តសហការគ្នាជួយដល់កម្ពុជា ជាពិសេសលើវិស័យកងទ័ពរក្សាសន្តិភាព៕

