ឯកឧត្តមសុខ លូ អញ្ជើញដឹកនាំកិច្ច ប្រជុំ គណៈកម្មការខេត្តជំរុញរៀបចំសណ្ដាប់ធ្នាប់តំបន់ភ្នំសំពៅនៃស្រុកបាណន់ខេត្តបាត់ដំបង…

នៅរសៀល ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្តជំរុញរៀបចំសណ្ដាប់ធ្នាប់តំបន់ភ្នំសំពៅ នៃស្រុកបាណន់ ខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា តាមការតាមដានស្រាវជ្រាវនៅតំបន់រមណីយដ្ឋានភ្នំសំពៅ មានភាពមិនប្រក្រតីនៅក្នុងការគ្រប់គ្រង និងគ្មានសណ្តាប់ធ្នាប់របៀបរៀបរយ ហើយក្នុងនោះមានការពាក់ព័ន្ធនឹងការយកលុយពីរថយន្តភ្ញៀវទេសចរដែលចូលមកលេង ហើយខ្លះគ្រាន់តែចូលពិសាអាហាររួចត្រឡប់ចេញទៅវិញ ក៏ត្រូវយកលុយពីពួកគាត់ផងដែរ ។ ឯកឧត្តម បានដាក់ជាសំណួរថា តើការយកលុយពីគេហើយលុយនោះយកទៅណា ? ព្រោះតំបន់នេះមិនទាន់ឃើញមានការអភិវឌ្ឍអ្វីគួរឱ្យកត់សំគាល់ឡើយ ។

ឯកឧត្តម បានបន្តទៀតថា ភ្នំសំពៅជាតំបន់រមណីយដ្ឋានដ៏សំខាន់ និងមានឈ្មោះល្បីល្បាញរបស់ខេត្តបាត់ដំបង បើនៅរមណីយដ្ឋាននោះមានភាពមិនល្អ រញេរញៃ តើមានភ្ញៀវទេសចរមកលេងទេ ? កត្តានេះត្រូវតែរួមគ្នា និងធ្វើការប្តេជ្ញាទាំងអស់គ្នា ដើម្បីរៀបចំកែលម្អនូវភាពអសកម្មទាំងនោះ ទើបស្ថានភាពនៃភាពអាណាធិបតេយ្យនៅតំបន់រមណីយដ្ឋានភ្នំសំពៅ មានភាពល្អប្រសើរឡើងវិញ ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា អាជ្ញាធរខេត្តបានសម្រេចចិត្តត្រូវតែរៀបចំធ្វើឱ្យបានស្អាត ក្នុងនោះឯកឧត្តម បានជំរុញដល់មន្ទីរជំនាញមានមន្ទីរទេសចរខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត ត្រូវរួមគ្នាធ្វើការរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះឲ្យបានល្អ និងត្រូវចៀសវាងការចោទដាក់គ្នាទៅវិញទៅមក ដើម្បីចូលរួមលើកកម្ពស់សោភណ្ឌភាព អនាម័យបរិស្ថាន ក្នុងការលើកម្ពស់វិស័យទេសចរណ៍របស់ជាតិយើងឲ្យមានការរីកចម្រើន ។

ឯកឧត្តម បានបន្តទៀតថាគោលបំណង នៃការរៀបចំសណ្តាប់ធ្នាប់សន្តិសុខនៅរមណីយដ្ឋានភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សំដៅលើកកម្ពស់សោភ័ណភាព សុវត្ថិភាពសាធារណៈ របៀបរៀបរយអនាម័យ បរិស្ថាន ដើម្បីទាក់ទាញភ្ញៀវទេសចរ និងការកំណត់យន្តការតាមដានត្រួតពិនិត្យនិងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធឲ្យអនុវត្តតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ការទប់ស្កាត់សកម្មភាពទាំងឡាយណា ដែលបង្កឱ្យមានផលប៉ះពាល់ដល់សោភ័ណភាព សុវត្ថិភាពសាធារណៈ និងរបៀបរៀបរយក្នុងតំបន់ភ្នំសំពៅ ព្រមទាំងការជំរុញឲ្យរៀបចំផែនការអភិវឌ្ឍន៍និងអភិរក្សរតំបន់ភ្នំសំពៅឱ្យមានលក្ខណៈសមាហរណកម្មទៅតាមផែនការរៀបចំទឹកដីខេត្តបាត់ដំបង ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ខេត្តឲ្យមានការរីកចម្រើន ផងដែរ ៕FB_IMG_1660912671473 FB_IMG_1660912653961 FB_IMG_1660912651497 FB_IMG_1660912641556

You might like