ភ្នំពេញ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាការកកស្ទះទឹកលិចនៅរដូវវស្សា លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុល និងតភ្ជាប់ប្រព័ន្ធលូរំដោះទឹកកខ្វក់ថ្មី។
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាសមិទ្ធផលនៃ មូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ ដែលមានលក្ខណៈបច្ចេកទេសជាលូមូលទំហំមុខកាត់ ១ម៉ែត្រ ដោយមានប្រវែងសរុប ១.១៥៣ម៉ែត្រ។ ការដ្ឋាននេះគ្របដណ្តប់លើភូមិសាស្ត្រចំនួន ៣ រួមមាន៖ ភូមិឆ្នោតជ្រុំ ៤, ភូមិត្នោតជ្រុំ និងភូមិក្បាលទំនប់២។
នៅក្នុងឱកាសនោះ លោក សេង គន្ធ បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ ក្នុងកិច្ចសន្ទនា លោកបានសាកសួរសុខទុក្ខអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបានគូសបញ្ជាក់ថា រដ្ឋបាលខណ្ឌមានជ័យ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីធានាបាននូវបរិស្ថានរស់នៅស្អាត និងកាត់បន្ថយហានិភ័យនៃជំងឺដង្កាត់នានាដែលបង្កឡើងដោយការលិចលង់ដោយទឹកកខ្វក់។
លោកអភិបាលខណ្ឌ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមតាមដានត្រួតពិនិត្យការអនុវត្តគម្រោងនេះឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យបាននូវគុណភាពសំណង់ ដែលអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងមូលដ្ឋាន។
តំណាងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខណ្ឌ ដែលបានដោះស្រាយបញ្ហាការលិចលង់ដែលជាក្តីកង្វល់របស់ពួកគាត់ជាយូរមកហើយ។
គម្រោងនេះនឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខណ្ឌមានជ័យ ក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានសោភ័ណភាព និងភាពរស់នៅដ៏ប្រសើរសម្រាប់ប្រជាពលរដ្ឋ៕
