(កំពង់ចាម) នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងបែងចែកភារកិច្ច ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ (ពីវង្វង់មូលស្គន់-ដល់ក្រុងកំពង់ចាម) ដែលពិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវសហការគ្នាយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព ព្រមទាំងសម្រួលចរាចរណ៍វាង ដើម្បីធានាបាននូវភាពរលូន និងជៀសវាងការកកស្ទះនៅថ្ងៃប្រារព្ធពិធី។ ឯកឧត្តម ក៏បានបន្ដ ណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាជិតស្និទ្ធ ដើម្បីពន្លឿនការងារដែលសេសសល់ និងធានាថាពិធីសម្ពោធជាផ្លូវការខាងមុខនេះ នឹងប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងមានសុវត្ថិភាពខ្ពស់បំផុត។
ឯកឧត្តម លឹម សុីដេនីន រដ្ឋលេខាធិការ បានថ្លែងថា ពិធីសម្ពោធជាផ្លូវការនេះ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើការរៀបចំទីតាំងរោងពិធី (ស្ថិតនៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ)ដោយរំពឹងទុកថានឹងមានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួម ប្រមាណ ៧.០០០នាក់៕
