សមិទ្ធផលថ្មីសន្លាង អគារសិក្សាទំនើប តម្លៃជិត២០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅសាលាបឋមសិក្សារាំងទិលស្រុកកណ្តៀងខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ អគារសិក្សាថ្មីចំនួន ១ខ្នង មាន៥បន្ទប់ ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខាគ្រប់គ្រាន់ក្នុងបន្ទប់ ដែលមានតម្លៃជិត២០ម៉ឺនដុល្លារ ជាអំណោយរបស់ក្រុមហ៊ុន Leader Energy តាមរយៈក្រុមការងារអគ្គិសនីកម្ពុជា ស្ថិតក្នុងសាលាបឋមសិក្សារាំងទិល ភូមិរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក Dato’ Sean អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Leader Energy, ថ្នាក់ដឹកនាំមន្ទីរអង្គភាព, អាជ្ញាធរដែនដី, ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា ការសម្ពោធអគារសិក្សាថ្មីនាពេលនេះ គឺមានភាពស្របគ្នាដ៏អស្ចារ្យ ជាមួយខួបអនុស្សាវរីយ៍លើកទី៧៥ នៃថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៦)។ យើងបានដឹងហើយថា គណបក្សប្រជាជនកម្ពុជា បានប្រសូត្រចេញពីចលនាតស៊ូរបស់ប្រជាជន ដើម្បីឯករាជ្យ សេរីភាព និងភាពរុងរឿង។ ឆ្លងកាត់ការលំបាកជាច្រើនទសវត្សរ៍ គណបក្សបានក្លាយជាកម្លាំងដឹកនាំដ៏សំខាន់ ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចប្រមុខ គណបក្សបាននឹងកំពុងជំរុញយ៉ាងសកម្មនូវវិស័យអប់រំ ដោយចាត់ទុកថា “ចំណេះដឹងគឺជាកូនសោរឆ្ពោះទៅរកភាពជោគជ័យ និងការអភិវឌ្ឍជាតិ”។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Leader Energy ដែលមិនត្រឹមតែបានឧបត្ថម្ភការសាងសង់អគារសិក្សាដ៏ទំនើបនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្ម ក្នុងការកសាងថាមពលអគ្គិសនីនៅកម្ពុជា។ ឯកឧត្តមបានរំលឹកថា ក្រុមហ៊ុន Leader Energy បានតស៊ូ និងជួយជ្រោមជ្រែកម្ពុជា ពីបាតដៃទទេ រហូតកម្ពុជាបានឈានមកដល់ដំណាក់កាល ដែលយើងមានថាមពលស្អាតប្រើប្រាស់ ដល់ទៅ៦៣% ហើយប្រជាពលរដ្ឋនៅឃុំរាំងទិលផ្ទាល់ ក៏ទទួលបានអត្ថប្រយោជន៍ពីថាមពលស្អាតនេះ ដូចគ្នានឹងបងប្អូននៅតាមទីក្រុងដែរ។

ឯកឧត្តម កែវ រតនៈ បានបង្ហាញពីមហិច្ឆតានាថ្ងៃអនាគតថា រាជរដ្ឋាភិបាលមានចក្ខុវិស័យក្នុងការពង្រីកគម្រោង ASEAN Power Grid ដើម្បីតភ្ជាប់បណ្តាញអគ្គិសនីរវាងប្រទេសទាំង១១ ក្នុងតំបន់អាស៊ាន ឆ្ពោះទៅរកការរួមគ្នាជាធ្លុងមួយក្នុងវិស័យថាមពល។

ឯកឧត្តមបានសង្កត់ធ្ងន់ ពីគោលបំណងសំខាន់របស់ក្រុមការងារចុះជួយមូលដ្ឋាន គឺចង់ឱ្យកូនៗរបស់បងប្អូនប្រជានេសាទនៅឃុំរាំងទិល មានអនាគតភ្លឺស្វាង តាមរយៈការផ្លាស់ប្តូរផ្នត់គំនិត ពីការប្រកបរបរនេសាទបែបប្រពៃណីតកូនតចៅ មកជាការផ្តោតលើការសិក្សារៀនសូត្រ អភិវឌ្ឍសមត្ថភាព និងចំណេះជំនាញ ដើម្បីស្វែងរកការងារល្អប្រសើរ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន។ ឯកឧត្តមបញ្ជាក់ថា ក្រុមការងារនឹងបន្តយកចិត្តទុកដាក់មើលថែទាំ និងជួយជ្រោមជ្រែងបងប្អូនប្រជានេសាទ និងកូនចៅជានិច្ច។

ក្នុងពិធីដ៏ឱឡារិកនោះ ក៏មានកម្មវិធីបំពាក់មេដាយ ប្រគល់ប័ណ្ណសរសើរជូនដល់សប្បុរសជន ការប្រគល់អំណោយដល់បងប្អូនប្រជានេសាទដែលបានចូលរួម កម្មវិធីដាំដើមឈើ កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងការថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

សូមបញ្ជាក់ថា អគារសិក្សានេះ សាងសង់ដោយក្រុមហ៊ុន Sakura Power Lines Co.,Ltd លើផ្ទៃដីទំហំ ១,៣៨៧ម៉ែត្រក្រឡា ដោយតួអគារមានទំហំ ៥៧,៨ x ២៤ម៉ែត្រ។ ការសាងសង់បានចាប់ផ្តើមនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយចំណាយថវិកាសាងសង់អស់ចំនួន ១៨៣,១០៣.១២ដុល្លារអាមេរិក និងថ្លៃដោះស្រាយផលប៉ះពាល់ចំនួន ៥,៤០០ដុល្លារអាមេរិក។

ក្រុមហ៊ុន Leader Energy គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដែលផ្តោតលើការអភិវឌ្ឍ ការគ្រប់គ្រង ការប្រតិបត្តិ និងថែទាំផលិតកម្ម និងខ្សែបញ្ជូនថាមពលកកើតឡើងវិញ ដោយគ្របដណ្តប់លើទីផ្សារចំនួន ៦ប្រទេស ក្នុងតំបន់អាស៊ី។ ក្រុមហ៊ុននេះមានក្រុមហ៊ុន CTL ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលកំពុងប្រតិបត្តិ និងថែទាំលើគម្រោងខ្សែបញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ចាប់ពីអនុស្ថានីយ៍ភាគខាងជើងរាជធានីភ្នំពេញ រហូតទៅដល់អនុស្ថានីយ៍ខេត្តក្រចេះ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងអភិវឌ្ឍលើគម្រោងថាមពលខ្យល់ថ្មី នៅខេត្តមណ្ឌលគិរី នៃប្រទេសកម្ពុជាផងដែរ៕IMG_20260628_191241

You might like