ខេត្តកំពង់ឆ្នាំង ៖ នាព្រឹក ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៦ នេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំងព្រមាន ដកតំណែងមន្ត្រីរូបណាដែលការពារនិងចូលរួមជាមួយជនប្រព្រឹត្តបទល្មើសនេសាទ។ និយាយរួមគឺហួសសម័យហើយដែលនៅមានសកម្មភាប្រព្រឹត្តបទល្មើសនេសាទ ជាពិសេស សកម្មភាពឆក់ក្តៅ ឆក់ត្រជាក់នេះ។ បើសិនជាមានមន្ត្រីណាកុំថាឡើយមេបុស្តិ៍ មេឃុំ ឬចៅហ្វាយស្រុករូបណា ដែលការពារបទល្មើសនេសាទនិងត្រូវប្រឈមមុខនិងការដកតំណែងចោល ហើយបន្តនីតិវិធីផ្លូវច្បាប់ថែមទៀត។
មានប្រសាសន៍ដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តជាមួយអង្គការ សមាគម និងសហគមន៍នានា ក្នុងខេត្តកំពង់ឆ្នាំង ។ ពិធីនេះមានការចូលរួមពីមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត និង អង្គការជាដៃគូ សមាគម សហគមន៍នានាជាច្រើនរូប។
អភិបាលខេត្តកំពង់ឆ្នាំងបន្ថែមថា សហគមន៍នេសាទត្រូវបង្កើនកិច្ចការពារកុំឲ្យកើតមានបទល្មើសឆក់ក្តៅ ឆក់ត្រជាក់ នៅក្នុងមូលដ្ឋាន ។ ព្រោះតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលមកដល់ម៉ោងនេះគឺមិនឱ្យមានបទល្មើសនេសាទទៀតទេ គឺត្រូវបង្កើនការការពារធនធានធម្មជាតិ។
ប្រជាពលរដ្ឋត្រូវដូរទម្លាប់ពីការឆក់ត្រីមកជាការចិញ្ចឹមត្រីវិញ យើងនាំគ្នាប្រមូលផ្ដុំបច្ចេកទេសទាំងអស់ បង្កើតជាសហគមន៍រួមគ្នារកវិធីសាស្ត្រ កែច្នៃការដាំដុះ ផលិតចំណីអាហារដើម្បីចិញ្ចឹមត្រី។ ជាពិសេសស្រុកចំនួន៤ នៅតាមដងទន្លេ ត្រូវយកចិត្តទុកដាក់ ជំរុញអោយបានខ្ពស់ទៅលើវិស័យវារីវប្បកម្ម , វិស័យឧស្សាហកម្ម , ការដាំស្រូវ , តំបន់សេដ្ឋកិច្ចពិសេស និងវិស័យទេសចរណ៍ ៕
