នៅព្រឹកថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឆ្លៀតឱកាសដ៍មមាញឹកអញ្ជើញចូលរួមប្រជុំពិនិត្យផ្ទៀងផ្ទាត់និងវាយតម្លៃឡើងវិញអំពីសំណើសុំកែសម្រួលព្រំតំបន់ការពារធម្មជាតិជូនប្រជាពលរដ្ឋដែលប្រើប្រាស់អាស្រ័យផលយូរឆ្នាំ
និងជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៅវត្តថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីក្រុមការងារនៃគណៈកម្មាការរបស់ខេត្តដែលបានកំពុងបំពេញភារកិច្ចការងារនៅភូមិសាស្ត្រនោះ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ពីសុខទុក្ខ លំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ជាមួយគ្នានោះ ឯកឧត្តមបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា ដោយការគិតគូរដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាគោលការណ៍កាត់ឆ្វៀល និងកំណត់ព្រំដីការពារធម្មជាតិជូនប្រជាពលរដ្ឋដែលប្រើប្រាស់អាស្រ័យផលយូរឆ្នាំឡើងវិញ ។
ទើបរដ្ឋបាលខេត្តបានបើកការប្រជុំបង្កើតជាក្រុមការងារគណៈកម្មការដើម្បីពិនិត្យផ្ទៀងផ្ទាត់និងវាយតម្លៃឡើងវិញអំពីសំណើសុំតែសម្រួលព្រំតំបន់ការពារធម្មជាតិជូនប្រពលរដ្ឋដែលបានប្រើប្រាស់អាស្រ័យផលយូរឆ្នាំ ចំនួន២ក្រុមស្ថិតនៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ស្រុកថ្មពួកនេះ និងនៅស្រុកភ្នំស្រុកដែលបាននឹងកំពុងធ្វើសកម្មភាពការងារ
យ៉ាងសស្រាក់សស្រាំដើម្បីបានរួចរាល់ឆាប់រហ័ស ។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយក្រុមការងារចម្រុះរបស់ខេត្ត ដើម្បីឲ្យកិច្ចការងារមួយនេះទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍បងប្អូន និងសហគមន៍យើងដើម្បីការពារតំបន់ធម្មជាតិយើងឲ្យបានល្អជាព្រៃឈើបៃបងស្អាត ហើយជៀសវាំងការកាប់បំផ្លាញ់តទៅទៀតផងដែរ៕

