នាថ្ងៃអង្គារទី២៣ខែសីហាឆ្នាំ២០២២អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រធានបានចាត់តំណាងដឹកនាំដោយឯកឧត្តមសុខ លូអភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអនុសាខា សប្បុរសជនអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុប២៥៦គ្រួសារ មកពីភូមិចំនួន២ដែលរស់នៅលើទំនប់អាងភាសមកពី ភូមិចំនួន២ឃុំពាមឯកស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ថ្លែងនាឱកាសក្នុងកិច្ចសំណេះសំណាលនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្តាំផ្ញើ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកជាទីបំផុត។
ទន្ទឹមនេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តបាត់ដំបង ព្រមទាំងសប្បុរសជននានាដែលបានចូលរួមបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាខេត្ត អាចបន្តចុះបំពេញសកម្មភាពមនុស្សធម៌បានដូចនាពេលនេះនិងបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បានថ្លែងបន្តថាកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺវត្តមានកាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងគោលដៅជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ។លើសពីនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជាប្រចាំ។ឯកឧត្តម សុខ លូ ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយដោតធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាពិសេសការពារកុំឱ្យមូសខ្លាខាំ ត្រូវគេងក្នុងមុងជានិច្ច និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ថ្វីបើរាជរដ្ឋាភិបាលទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តពាក់ម៉ាស់ឬ មិនពាក់ម៉ាស់ តែត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬកាត់បន្ថយការគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ប្រជាពលរដ្ឋទាំងអស់បានសម្តែងនូវការរីករាយជាខ្លាំងដែលសាខាកាកបាទក្រហមកម្ពុជាខេត្តដែលមានឯកឧត្តម សុខ លូ ជាប្រធាន បានចែកជូនអំណោយនៅថ្ងៃនេះដើម្បីជួយសម្រួលលើការហូបចុកបានមួយគ្រា ហើយនិងបានគោរពថ្លែងអំណរគុណដល់សម្តេចទាំងទ្វេ សូមសម្តេចមានសុខភាពល្អ កម្លាំងមាំមួន ជៀសឆ្ងាយពីជំងឺទាំងពួង ដើម្បីបន្តដឹកនាំប្រទេសឱ្យមានសុខសន្តិភាពបន្តទៀត៕
សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធវីឃែរ១កេស,ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ផងដែរ ។ជាមួយគ្នានោះដែលក្រុមការងារបានប្រគេនទាយ្យទានចំពោះព្រះសង្ឃវត្តសឹង្ហារាម ហៅវត្តអាងភាស ។
រួមមានអង្ករ ១០០គីឡូក្រាម, មី៤កេស ត្រី៤យួរ,ទឹកត្រី៤យួរ ទឹកស៊ីអ៉ីវ៤យួរ ទឹកបរិសុទ្ធ ១០កេស, និងបច្ច័យមួយចំនួនផងដែរ ។

