សាលប្រជុំសាលាខេត្តកែប​រៀបចំសិក្ខា សសាលាកសាងសមត្ថភាពស្តីពីការចងក្រងម៉េតាទិន្ន័យ…

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២​ នេះ​ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ​ សហការជាមួយរដ្ឋបាលខេត្តកែប រៀបចំសិក្ខាសាលាកសាងសមត្ថភាព ស្តីពី “​ ការចងក្រងម៉េតាទិន្ន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្ន័យរាយការណ៍សូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​ “​ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វី ហៀង រដ្ឋលេខាធិការក្រសួងផែនការ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងផែនការ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីសំណាក​ ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី​ គណៈប្រតិភូ​ អមដំណេីរ​ ឯកឧត្ដម​ រដ្ឋលេខាធិការ​ មន្ត្រី​រាជការ​ និងសិក្ខាកាមមកពីខេត្ត តាកែវ កំពត ព្រះសីហនុ កោះកុង សរុបចំនួន​ ៦០រូប។

មានមតិស្វាគមន៍ក្នុងអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា៖ ក្រោមការដឹកនាំដ៏ឈ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យ ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត និងការចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់មន្ទីរ អង្គភាពជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមចំណែកអភិវឌ្ឍន៍របស់វិស័យឯកជន រួមទាំងសក្តានុពលវិស័យទេសចរណ៍ធម្មជាតិជាច្រើនកន្លែង បានធ្វើអោយខេត្តកែប មានការរីកចម្រើនជាបន្តបន្ទាប់ ទាំង ហេដ្ឋារចនាសម័្ពន្ធ អាគារដ្ឋបាល ផ្លូវថ្នាល់ សំណង់ រមណីយដ្ឋាន រីស៊ត សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន មានការកសាងរីកដុះដាលគួរអោយកត់សម្គាល់។ កត្តាទាំងនេះបានលើកស្ទួយវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ខេត្ត ដោយបានបង្កើតការងារ​ មុខរបរ និងបង្កើតប្រាក់ចំណូល ក្នុងការរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។​ ឯកឧត្តម​ បន្ថែម​ថា ផ្អែកលើទិន្ន័យ និងបច្ចេកទេសផ្សេងៗដែលបានអនុវត្តកន្លងមក មន្ទីរផែនការ បាននិងកំពុងដើរតួរយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ពិសេសការរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដោយបំផុសអោយមានការចូលរួមសហការជាមួយមន្ទីរ អង្គភាព ជំនាញជុំវិញខេត្ត និងវិស័យឯកជនផងដែរ ។​ ឯកឧត្តម​ បន្តថា​ មន្ទីរផែនការខេត្ត បានអនុវត្ត តួនាទីភារកិច្ចជាមន្ត្រីស្ថិតិថ្នាក់ក្រោមជាតិ លើការងារជំរឿនប្រជាជន ជំរឿនកសិកម្ម ជំរឿនសេដ្ឋកិច្ច ដែល១០ឆ្នាំធ្វើម្តង និងធ្វើអង្កេតជំរឿនរាល់ចន្លោះ៥ឆ្នាំម្តង ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់ថ្នាក់ដឹកនាំវីទ្យាស្ថានស្ថិតិ និងថ្នាក់ដឹកនាំក្រសួងផែនការ ជួយពង្រឹងបច្ចេកទេស និងសម្របសម្រួលគណនាផលិតផលក្នុងស្រុកសរុបរបស់ខេត្ត អោយបានទៀងទាត់ និងទាន់ពេលវេលា។

លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ មានប្រសាសន៍ថា៖​ បច្ចុប្បន្ន វិទ្យាស្ថានជាតិស្ថិតិ បានអនុវត្តន៍គម្រោងគាំទ្របច្ចេកទេសដោយអង្គការ UNSD ស្តីពីការតាមដាន SDG ដែលគម្រោងនេះត្រូវបានបញ្ចប់នៅឆ្នាំ២០២២ ដោយផ្តោតលើកម្មវត្ថុសំខាន់ គឺការធ្វើអោយកាន់តែប្រសើរឡើងនូវការផ្សព្វផ្សាយទិន្ន័យប្រកបដោយលក្ខណៈបើកទូលាយ និងផ្តល់លទ្ធភាពទទួលបានទិន្ន័យសូចនាករ SDG ពីសំណាក់អ្នកប្រើប្រាស់ទូទៅកាន់តែទូលំទូលាយ។ តាមរយៈការអនុវត្តន៍គម្រោងនេះ វិទ្យាស្ថានជាតិស្ថិតិ ទទួលខុសត្រូវរៀបចំផែនការអនុវត្តន៍សម្រាប់តាមដានសូចនាករ SDG ព្រមទាំងផ្តល់ភាពងាយស្រួលដល់ការផ្លាស់ប្តូរទិន្ន័យ និងគាំទ្រដោយពេញលេញលើការប្រើប្រាស់វិធីសាស្ត្រផ្លាស់ប្តូរទិន្ន័យ និងម៉េតាទិន្ន័យសូចនាករ SDG/CSDG ប្រកបដោយលក្ខណៈស្តង់ដានៅក្នុងប្រព័ន្ធស្ថិតិជាតិ។
មានប្រសាសន៍បើកអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្តម វី ហៀង រដ្ឋលេខាធិការក្រសួងផែនការ បានលេីកឡេីងថា៖ សិក្ខាសាលានាថ្ងៃនេះ មានគោលបំណងដើម្បីសម្រេចគោលដៅរួម នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជា(NSDP) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG) ក្នុងក្របខណ្ឌគតិយុត្តិ និងគោលនយោបាយអភិវឌ្ឍន៍ស្ថិតិ ។

ជាក់ស្តែងនាពេលថ្មីៗនេះ យើងបានធ្វើវិសោធនកម្មច្បាប់​ ស្តីពី​ ស្ថិតិថ្មី (ឆ្នាំ២០១៥) ការរៀបចំយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិឆ្នាំ២០១៨-២០២៣ (NSDS 2018-2023)ការបង្កើតគណៈកម្មាធិការសម្របសម្រួលស្ថិតិ និងការបង្កើតក្រុមការងារទិន្ន័យសម្រាប់ការអភិវឌ្ឍន៍នៃក្រុមការងារបច្ចេកទេសផែនការ និងការកាត់បន្ថយភាពក្រីក្រជាដើម។

ឯកឧត្តមបន្តថា៖ ផ្អែកតាមការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសាកល(SDG)ដែលមានចំនួន ១៧ គោលដៅ ១៦៩ចំណុច និង ២៣២សូចនាករ តាមរយៈក្របខ័ណ្ឌ SDG ជាសកលនេះ ក្រសួងផែនការត្រូវបានប្រគល់ភារកិច្ច​ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានតួនាទីស្នូលដឹកនាំសម្របសម្រួលនៅក្នុងដំណើរការធ្វើមូលដ្ឋានីយកម្ម SDG ទៅក្នុងបរិបទនៃកម្ពុជា និងដើម្បីអោយស្របទៅតាមកម្មវិធីនយោបាយសំខាន់ៗដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។​ បច្ចុប្បន្នសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា( CSDG) គឺមានចំនួន ១៨គោលដៅ ក្នុងនោះដោយបន្ថែមគោលដៅ ស្តីពីការបញ្ចប់ផលប៉ះពាល់ដោយសារមីន ចំនួន ៨៨ចំណុច និង១៤៨សូចនាករ សម្រាប់គាំទ្រគោលដៅទាំង១៨នេះ។
តាមរយៈសិក្ខាសាលានេះ ឯកឧត្តម​ ជឿជាក់យ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ និងទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ និងការយល់ដឹងកាន់តែទូលំទូលាយអំពីចរិកលក្ខណៈរបស់សូចនាករ និងភាពសំខាន់របស់ម៉េតាទិន្ន័យ ជាពិសេស សមាសធាតុសំខាន់នៅក្នុងទម្រង់បំពេញព័ត៌មានម៉េតាទិន្ន័យ សម្រាប់អ្នកប្រើប្រាស់ទូទៅ៕FB_IMG_1661849351498

FB_IMG_1661849355015

FB_IMG_1661849357895

FB_IMG_1661849364156

FB_IMG_1661849362033

FB_IMG_1661849376932

FB_IMG_1661849385891

FB_IMG_1661849390540

FB_IMG_1661849393854

FB_IMG_1661849429222

IMG_20220830_155229

FB_IMG_1661849405748

You might like