ឯកឧត្តមសាយ សំអាល់រដ្ឋមន្រ្តី ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិកដឹកនាំដោយឯកឧត្តម Stephen Cohen ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្វែងយល់អំពីវិស័យបរិស្ថានកម្ពុជា នាល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០២២នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអំពីវឌ្ឍនភាពក្នុងវិស័យបរិស្ថាន ដែលបានវិវឌ្ឍទៅតាមដំណើរសច្ចធម៌ប្រវត្តិសាស្ត្រដែលប្រទេសនិងប្រជាជនកម្ពុជាបានឆ្លងកាត់រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាទៅតាមនិន្នាការពិភពលោក។ សុខសន្តិភាព និងស្ថិរភាពនយោបាយរឹងមាំគឺជាលក្ខខណ្ឌដ៏ចាំបាច់បំផុត អនុញ្ញាតឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ចសង្គមជារួម និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការផ្លាស់ប្តូរជាវិជ្ជមាននូវឥរិយាបថប្រជាជនឱ្យយកចិត្តទុកដាក់និងផ្តល់សារសំខាន់កាន់តែខ្លាំងលើបញ្ហាបរិស្ថាននិងការអភិរក្សធម្មជាតិ។
ជាក់ស្តែងប្រជាជនកម្ពុជាជាពិសេសយុវជនជាទូទៅមានការយល់ដឹងនិងចូលរួមក្នុងកិច្ចការបរិស្ថានជាពិសេសប្រតិបត្តិមេត្រីបរិស្ថាន គួរឱ្យកត់សម្គាល់។ជាងនេះទៀតដោយសារវឌ្ឍនភាពសេដ្ឋកិច្ចជាតិ និងជីវភាពល្អប្រសើរជាលំដាប់ប្រជាពលរដ្ឋកម្ពុជា បានងាកមកប្រើប្រាស់សេវាកម្មឧទ្យានជាតិនិងតំបន់ការពារធម្មជាតិកម្ពុជា ជាទីកន្លែងលំហែរកំសាន្ត និងស្វែងយល់បង្កើនចំណេះដឹងអំពីធម្មជាតិ និងជីវៈចម្រុះ កាន់តែច្រើនឡើងៗមិនធ្លាប់មានពីមុនមក ដែលការណ៍នេះបានជួយរួមចំណែកដល់កិច្ចការបរិស្ថានឱ្យស្ថិតនៅលើមាគ៌ាមួយជាវិជ្ជមាន។
ទន្ទឹមនឹងនោះឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍ប្រជាជាតិនិងការធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចគាំពារបរិស្ថានការអភិរក្សជីវចម្រុះនិងការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាអំពីសារសំខាន់នៃការថែរក្សាព្រៃឈើឱ្យនៅឈរដើម្បីរកចំណូលបន្ថែមតាមរយៈការលក់ឥណទានកាបូនសំដៅលើកកម្ពស់ការអភិវឌ្ឍនៅមូលដ្ឋាន ផង និងចូលរួមដោះស្រាយបញ្ញាប្រឈមជាសកលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនិងការបាត់បង់ជីវៈចម្រុះផង។






