នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២គណ:ប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្មអភិវឌ្ឍន៍ជនបទបរិស្ថាននិងធនធានទឹកនៃរដ្ឋសភាដឹកនាំដោយឯកឧត្តមឡូយ សុផាតប្រធានគណៈកម្មការ និងអមដំណើរដោយឯកឧត្តមងួន ប៊ៀន តំណាងរាស្រ្តមណ្ឌលខេត្តកែប និងជាសមាជិកគណ:កម្មការទី៨ នៃរដ្ឋសភាឯកឧត្តម នេត្រ ភក្រ្តារដ្ឋលេខាធិការក្រសួងបរិស្ថាន និងក្រុមការងារកម្មវិធី សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣(CCCA3) បានអញ្ជើញចុះពិនិត្យភូមិសាស្ត្រខេត្តកែប ដើម្បីស្វែងយល់តំបន់មួយចំនួនក្នុងខេត្តកែបដែលទទួលរងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុនៅខេត្តកែប។
បន្ទាប់ពីគណ:ប្រតិភូបានអញ្ជើញចុះពិនិត្យសិក្សាស្វែងយល់តំបន់ចំនួន៤ ក្នុងខេត្តកែប ៖
១- ទំនប់ប៉ោហេងស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
២- ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលរងផលប៉ះពាល់ពីរករណីគឺ ទឹកប្រៃហូរចូលស្រែ របស់ប្រជាពលរដ្ឋ(នៅចំនុចតាពីង) និងខ្យល់កន្ត្រាក់។
៣- វារីវប្បកម្ម ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ
៤- ភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ទទួលរងផលប៉ះពាល់នូវខ្យល់កន្រ្តាក់ញឹកញាប់នៅរដូវវស្សា។
នៅរសៀលថ្ងៃដដែលនេះគណ:ប្រតិភូ គណ:កម្មការទី៣ នៃរដ្ឋសភាដឹកនាំដោយឯឯកឧត្តមឡូយ សុផាត ក៏បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ជំនាញសាលាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង ស្រុក ផងដែរ នាសាលប្រជុំក្រុមប្រឹក្សាខេត្តកែប។
ឯកឧត្តមឡូយ សុផាតប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានជម្រាបជូនអាជ្ញាធរខេត្តកែបពីគោលបំណងបេសកកម្មរបស់គណៈកម្មការ គឺដើម្បីស្វែងយល់នូវវិស័យពាក់ព័ន្ធគឺផែនការ វិនិយោគកសិកម្មអភិវឌ្ឍន៍ជនបទបរិស្ថាននិងធនធានទឹក និងប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់របស់ខេត្តក៏ដូចជាបញ្ហាប្រឈមដែលខេត្តបានជួបប្រទះដើម្បីរួមគ្នារកដំណោះ
ស្រាយឲ្យបានទាន់ពេលវេលា ។
ឯកឧត្តម សំ សារីនប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋអភិបាលខេត្តកែបបានរាយការណ៍ជូនគណៈប្រតិភូ រដ្ឋសភា អំពីសភាពការណ៍រួមទូទៅវឌ្ឍន:ភាពការងារ និងសមិទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្តនិងជម្រាបជូនពីបញ្ហាប្រឈមមួយចំនួននិងស្នើសុំគណៈកម្មការរដ្ឋសភាជួយធ្វើអន្តរាគមន៍រកដំណោះស្រាយពិសេសលើវិស័យទទួលបន្ទុករបស់គណៈកម្មការទី៣នៃរដ្ឋសភា។
ឯកឧត្តមឡូយ សុផាតប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់រដ្ឋបាលខេត្តកែបនិងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលបានសម្រេចលទ្ធផលគួរឲ្យកោតសរសើរដែលធ្វើអោយចំនួនភ្ញៀវទេសចរណ៍មានសន្ទុះកើនឡើងវិញបន្ទាប់ពីទទួលរងវិបត្តិកូវីដ-១៩ ដែលទាំងនេះបានជះឥទ្ធិពល ដល់កំណើនសេដ្ឋកិច្ចជីវភាពរស់នៅ ជាប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តកែប។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មការ ជម្រុញដល់ថ្នាក់ដឹកនាំខេត្តត្រូវគិតគូរពីការរៀបចំផែនការរយៈពេលវែង-ខ្លីក្នុងការអភិវឌ្ឍន៍ខេត្តដោយផ្តោតការយកចិត្តទុកដាក់លើការការពារបរិស្ថានជាចំបងព្រោះខេត្តកែបជាខេត្តទេសចរណ៍ ដែលរាជរដ្ឋាភិបាលកំណត់ទុកជាតំបន់ទេសចរណ៍សម្រាកលំហែប្រណិតកំរិតខ្ពស់៕





