កម្ពុជាបញ្ជូនរថយន្តរថពាសដែកចំនួន១៤ គ្រឿងនិងសម្ភារចំនួន៥កុងទឺន័រសម្រាប់ បំពេញបន្ថែមក្នុងបេសកកម្មនៅUNនៅម៉ាលី

កំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្ពុជាបាន បញ្ជូនរថយន្តចំនួន១៤គ្រឿងប្រភេទរថយន្តរថពាសដែក (MPV) និងសម្ភារៈប្រើប្រាស់ចំនួន៥កុងទឺន័រ សម្រាប់បំពេញបន្ថែមលើ រថយន្តនិងសម្ភារដែលមានស្រាប់ សម្រាប់កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ក្នុងបេសកកម្មសង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។

ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិបញ្ជូនកងកម្លាំងរក្សាសន្តិភាព បានមានប្រសាសន៍ថា នៅថ្ងៃនេះរថយន្តនិងសម្ភារដាក់ក្នុងទូរកុងទឺន័រ គឺដឹកបញ្ជូនទៅកាន់កំពង់ផែរអន្តរជាតិក្រុងព្រះសីហនុ ហើយនឹងបញ្ជូនបន្តតាមនាវា ទៅកាន់សាធារណរដ្ឋម៉ាលី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ជាមួយគ្នារថយន្តនិងសម្ភារទាំងអស់នឹងទៅដល់គោលដៅ នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៣នេះផងដែរ។ ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា ចំពោះរថយន្តរថពាសដែក និងសម្ភារទាំងអស់នេះ​ គឺសម្រាប់បំពេញបន្ថែម ទៅលើរថយន្ត និងសម្ភារ ដែលមានស្រាប់កំពុងបម្រើការងារបេសកកម្ម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា រថយន្តរថពាសដែកទាំង១៤គ្រឿង គឺមានចំនួន៤គ្រឿង បម្រើការងារជារថយន្តពេទ្យ ដែលបានបំពាក់សម្ភារបរិក្ខាវេជ្ជសាស្ត្រគ្រប់គ្រាន់ទាំងអស់ ចំណែករថយន្តរថពាសដែកចំនួន១០គ្រឿងទៀត គឺសម្រាប់ដឹកកម្លាំងចុះប្រតិបត្តិការបេសកកម្ម។ ការដែលបញ្ជូន រថយន្ត ប្រភេទរថពាសដែកនេះទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី ដោយសារនៅទីនោះ មានក្រុមឧទ្ទាម តែងពួនស្ទាក់ដាក់ បង្កៃគ្រាប់កែច្នៃ ឬគ្រាប់មីននៅតាមដងផ្លូវធ្វើដំណើរ។ ឯកឧត្តម បញ្ជាក់ថា ចំពោះកងកម្លាំងមួកខៀវកម្ពុជា គឺបានកំពុងបន្តការងារ បេសកកម្មនៅសាធារណរដ្ឋម៉ាលី រួចស្រេចហើយ។
សូមបញ្ជាក់ឱ្យដឹងដែរថា កងកម្លាំងកម្ពុជាមានចំនួនជាង៣០០នាក់ចែកចេញជា២កងអនុសេនាធំ គឺកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងកម្លាំងវិស្វកម្មព្រលានយន្តហោះ៕FB_IMG_1686031561507 FB_IMG_1686031567665 FB_IMG_1686031592659 FB_IMG_1686031660914 FB_IMG_1686031687121 FB_IMG_1686031670872

You might like