ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ៦ខែទៀតនឹងបញ្ចប់ការសិក្សាលម្អិតលើគម្រោងផ្លូវល្បឿនលឿនទី៣

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថាយ៉ាងយូរ ៦ខែទៀត ការសិក្សាលម្អិតដោយក្រុមហ៊ុនចិនលើគម្រោងផ្លូវល្បឿនលឿនទី ៣កម្ពុជាជំហានទី១ ពីភ្នំពេញទៅសៀមរាបនឹងត្រូវបញ្ចប់ ដើម្បីដាក់ឲ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារអន្តរក្រសួងយើងដើម្បីពិនិត្យលើទម្រង់ផ្លូវថាពីណាទៅណា កន្លែងណាមានស្ពាន ឬក៏ទាក់ទងនឹងផលប៉ះពាល់ជាដើម។
ការលើកឡើងនេះរបស់លោកស៊ុនចាន់ថុលទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិននៅថ្ងៃទី០៧ ខែមិថុនា។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ចំពោះផ្លូវល្បឿនលឿនទី៣កម្ពុជាជំហានទី១ ពីភ្នំពេញទៅខេត្តសៀមរាប ដែលជាផ្លូវថ្មីនេះមានប្រវែងប្រមាណ ២៥០គីឡូម៉ែត្រ អាចនឹងត្រូវប្រើប្រាស់ថវិកាប៉ានស្មានសម្រាប់ការសាងសង់ប្រមាណ ២.៥០០លានដុល្លារ ខណៈសម្រាប់ការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាកន្លងទៅជាមធ្យមគឺអស់ប្រមាណ ១០លានដុល្លារក្នុង១គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្រ្តី បានបន្តថា សម្រាប់ផ្លូវល្បឿនលឿនទី៣នេះគឺមានការសាងសង់២ដំណាក់កាល ដោយដំណាក់កាលទី១នេះ គឺពីភ្នំពេញទៅសៀមរាបចម្ងាយប្រមាណ ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ គឺពីសៀមរាបទៅប៉ោយប៉ែតដែលនឹងមានប្រវែងមាណ ១៥០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្លូវល្បឿនលឿនទី១ គឺពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលបាននិងកំពុងប្រើប្រាស់រាល់ថ្ងៃ និងផ្លូវល្បឿនលឿនទី២ គឺពីភ្នំពេញទៅក្រុងបាវិត ដែលបានបើកការដ្ឋានសាងសាងនៅថ្ងៃទី៧ ខែមិថុនានេះ និងផ្លូវល្បឿនលឿនទី៣នេះ គឺកំពុងសិក្សាសាងសង់៕FB_IMG_1686190993811 FB_IMG_1686190991662

You might like