ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរខេត្តត្បូងឃ្មុំនិងស្រុកកំពង់សៀម

នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីសរុបចំនួន ២ ៨២៨នាក់ ពីឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងពិធីនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តម លោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ឯកឧត្តមក៏បានស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនក្នុងការចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង ២៨២៨រូប ដោយបងប្អូនបានសំឡឹងមើលឃើញ និងបានយល់ដឹងច្បាស់ពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ប្រធានគណបក្សក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជនយើង។ សម្តេចតេជោ បានប្រែក្លាយប្រទេសយើងពីប្រទេសដែលមានភ្លើងសង្គ្រាមពេញផ្ទៃប្រទេស ការកាប់សម្លាប់ដោយមិនញញើតដៃ ការបំផ្លិចបំផ្លាញ ការជម្លៀសប្រជាជនចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងបង្ខំឱ្យធ្វើការដូចសត្វធាតុ គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានថ្នាំសង្កូវព្យាបាល គ្មានសិទ្ធិរស់រានមានជីវិ មកជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ចនិងសង្គម សុវត្ថិភាពស្បៀងអាហារជូនប្រជាជនយើង មានការអភិវឌ្ឍលើគ្រប់វិស័យ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរដូចជាផ្លូវថ្នល់ ផ្លូវល្បឿនលឿនជាច្រើនខ្សែជាបន្តបន្ទាប់ ស្ពាន កំពង់ផែទឹកជ្រៅ ព្រែកជីកតភ្ជាប់ទន្លេមេគង្គ និងផ្លូវសមុទ្រ ព្រលានយន្តហោះខ្នាតអន្តរជាតិ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ វត្តអារាម និងវិហារជាដើម។

កិច្ចគាំពារសង្គម ក៏ជាការងារសំខាន់ដែលសម្តេចតេជោ ប្រធានគណបក្សបានដឹកនាំយ៉ាងមុតស្រួចផងដែរ ដូចជាការជួយឧបត្ថម្ភគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ការឧបត្ថម្ភគាំទ្រដល់ស្ត្រីមានផ្ទៃពោះ ការជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករយើងជាង ១,៥លាននាក់ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងការងារវិស័យឧស្សហកម្ម ដោយផ្តល់កន្លែងស្នាក់នៅ និងហូបចុកសមរម្យ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីស្ម័គ្រចិត្តសម្តេចតេជោផងដែរ។

ហេតុនេះ ឯកឧត្តមបានណែនាំដល់សមាជិកគណបក្សថ្មីទាំង ២ ៨២៨រូប គឺត្រូវគោរព និងស្រឡាញ់គណបក្សប្រជាជនកម្ពុជា រក្សាគោលជំហរស្មោះត្រង់ជូនគណបក្ស ជួយផ្សព្វផ្សាយអំពីអំពើល្អ និងសមិទ្ធផលជាច្រើនដែលសម្តេចប្រធាន និងគណបក្សបាន និងកំពុងសម្រេច ពិសេសទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចប្រធាន និងគណបក្ស ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា ដោយសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ គឺជាសន្លឹកឆ្នោត ១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។FB_IMG_1686393719034 FB_IMG_1686393713556 FB_IMG_1686393789359 FB_IMG_1686393730627 FB_IMG_1686393733362 FB_IMG_1686393735719 FB_IMG_1686393760628 FB_IMG_1686393750429 FB_IMG_1686393746368 FB_IMG_1686393744008 FB_IMG_1686393741761 FB_IMG_1686393764446 FB_IMG_1686393768134

You might like