ថ្នាក់ដឹកនាំខេត្ត រួមអភិបាលស្រុកបានចុះពិនិត្យមើលស្ថានភាពទឹកនៅភូមិសាស្រ្តស្ពានទឹកកំពង់ដង្កោ ស្ថិតនៅឃុំពត់សរ ស្រុកបាទី ជាប់ព្រំប្រទល់ ស្រុកកណ្ដាលស្ទឹង

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយ អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យមើលស្ថានភាពទឹកនៅភូមិសាស្រ្តស្ពានទឹកកំពង់ដង្កោ ស្ថិតនៅឃុំពត់សរ ស្រុកបាទី ជាប់ព្រំប្រទល់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងចុះត្រួតពិនិត្យមើលតាមប្រឡាយទឹកមេសំខាន់ៗ ស្ថិតនៅភូមិសាស្រ្តឃុំពារាម ស្រុកបាទី ។

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំទៅដល់ លោកអភិបាលស្រុកបាទី ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរជំនាញពាក់ព័ន្ធត្រូវត្រៀមគ្រឿងចក្រ នៅតាមតំបន់ឬតាមអាងទឹកនានានៅក្នុងភូមិសាស្រ្តដែលងាយនឹងជន់លិច ត្រូវធ្វើការកាយនឹងបើកផ្លូវរំដោះទឹកចេញ ជៀសវាងការជន់លិចផលដំណាំ និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា បើទោះបីជាស្ថានភាពទឹកនៅភូមិសាស្រ្តបណ្តោយផ្លូវជាតិលេខ២ នឹងលេខ៣ មិនទាន់ជាកើតមានហានិភ័យឱ្យធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម បានបញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នា ពិសេសត្រូវត្រៀមលក្ខណៈសម្បតិ្តឱ្យបានគ្រប់គ្រាន់ ដើម្បីបង្ការ ជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព៕FB_IMG_1697532218268 FB_IMG_1697532181172 FB_IMG_1697532188029 FB_IMG_1697532191306

You might like