ឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
សន្និបាត​ក្រសួងមហាផ្ទៃ​ អញ្ជើញ​ជាអធិបតី​ក្នុងពិធី​បេីក​ ឯកឧត្តម​ អភិសន្តិប​ណ្ឌិ​ត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងពិធីបិទសន្និបាតនឹងប្រារព្ធឡើង​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០​២​៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ​ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជា បើកឱ្យដំណើរការពេញ​លេ​ញលើគ្រប់វិស័យ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងជាឆ្នាំដែ​លកម្ពុជារៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២។ ក្នុងឆ្នាំដ៏មានសារសំខាន់នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានចូលរួមពីភាគីពាក់ព័ន្ធ បានដឹកនាំ បញ្ជា និងសម្របសម្រួលរៀបចំចាត់ចែងកិច្ចការនានាយ៉ាងសកម្ម ធ្វើឱ្យប្រព្រឹត្តិការណ៍ទាំងនោះបានប្រព្រឹត្តទៅដោយជោគជ័យ។

ឯកឧត្តមគូសបញ្ជាក់ថា បើទោះបីស្ថិតក្រោមឥទ្ធិពល នៃហេ​តុ​ការណ៍អសន្តិសុខជាសកលយ៉ាងណាក្តី ក៏ប៉ុន្តែនៅឆ្នាំ២០២៣កន្លងទៅនេះ កងកម្លាំងនគរបាលជាតិ បានសហការជាមួយនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ថែរក្សាការពារបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងប្រក្រតីកម្មគ្រប់ស្ថាប័នរដ្ឋ។

ក្រៅពីនេះ ឯកឧត្តមក៏បានកត់សម្គាល់លើការងារសំខាន់មួយចំនួនទៀតដូចជា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់​មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបសកម្មភាពក្មេងទំនើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្ដល់កិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យ និងការសង្គ្រោះជនរងគ្រោះ ត្រូវបានពង្រឹងការអនុវត្តជាប់ជាប្រចាំ ដែលធានាបាននូវប្រក្រតីភាពសង្គមគ្រប់វិស័យ។ បន្ថែមពីនេះ ការងារអត្តសញ្ញាណកម្ម ដែលមានចរិតលក្ខណៈជាការគ្រប់គ្រងអត្តសញ្ញាណបុគ្គលផង និងជាការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋផង ក៏ត្រូវបានពង្រឹង និងកែលម្អការអនុវត្តជាបណ្តើរៗ ទាំងក្នុងក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាជន ឆ្ពោះទៅសម្រេចគោលដៅ បុគ្គលម្នាក់ មានអត្តសញ្ញាណតែមួយ និង មនុស្សទាំងអស់ ត្រូវបានកំណត់អត្តសញ្ញាណ សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិនិងសេវាជាមូលដ្ឋានចាំបាច់នានាស្របតាមច្បាប់។

រាជរដ្ឋាភិបាលនៅនីតិកាលទី៧ នេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតទៅលើវិស័យជាអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ឈរលើមូលដ្ឋាននេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា ក្រសួងមហាផ្ទៃ បានរៀបចំ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយ សម្រាប់ការអនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដែលជាផ្នែកមួយដ៏សំខាន់នៃការរួមចំណែកឱ្យសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដាំផ្ញើឱ្យអង្គសន្និបាត ផ្ដោតការយកចិត្តទុកដាក់ គឺការពិនិត្យពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីកំណត់វិធានការចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ដែលបានជួបប្រទះកន្លងមក ព្រមទាំងធ្វើការពិនិត្យ ពិភាក្សាលើតម្រូវការចាំបាច់នានា ដែលធានាដល់ការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពី “ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម” ឱ្យមានប្រសិទ្ធភាពខ្ពស់។FB_IMG_1709114461424 FB_IMG_1709114400686 FB_IMG_1709114404774 FB_IMG_1709114407837 FB_IMG_1709114437681 FB_IMG_1709101813923 FB_IMG_1709098347611 FB_IMG_1709114426832

You might like