ខេត្តស្ទឹងត្រែង៖នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តស្ទឹងត្រែង មានការចុះហត្ថលេខាអនុស្សរណៈ
នៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន ស្តីពីការគាំទ្រលើគម្រោងវិនិយោគដំណាំកសិកម្ម និងចិញ្ចឹមសត្វ។ ក្នុងគោលបំណងបង្ហាញនូវឆន្ទៈ ដែលមានបំណងពិនិត្យមើលលទ្ធភាពដើម្បីដាក់ទុនវិនិយោគលើដំណាំកសិកម្មនិងចិញ្ចឹមសត្វ នៅភូមិសាស្រ្តខេត្តស្ទឹងត្រែងនាពេលខាងមុខ។
នៅរសៀលថ្ងៃដដែលនោះ ប្រតិភូ នៃក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន ដឹកនាំដោយលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស បានអញ្ជើញទៅដល់ ឃុំសាមឃួយ ស្រុកសេសាន ដើម្បីពិនិត្យលើស្ថានភាពដីស្រែមួយកន្លែង និងបានទៅដល់ ដីចំការមួយកន្លែងទៀត នៅចំនុចគីឡូ៨ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ពិនិត្យលើដីចំការស្វាយ កែវល្មៀត និងស្វាយ ចន្ទី និងជីកដីទាំងនោះដើម្បីយកទៅពិនិត្យនៅប្រទេសចិន ។ តាមការបញ្ចាក់ពីលោកទុំ នីរ៉ូ គឺការយកដីទៅពិនិត្យនេះ គឺចង់ដឹងថា ដីនេះត្រូវការប្រើប្រាស់សារធាតុ និងជី ប្រភេទណាខ្លះ បំពេញដល់ដំណាំកសិកម្មរបស់សហគមន៍ដាំដំណាំកសិកម្ម ជៀសវាងកសិករប្រើប្រាស់ជី កសិកម្មមិនស្រប ធ្វើឱ្យខូចដីទាំងស្រុងនាពេលអនាគត់។
គូសបញ្ជាក់ផងដែរថា៖ កាលពីថ្មីៗកន្លងទៅនេះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំគណៈប្រតិភូ ពីមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីររ៉ែថាមពល និងមន្ទីរ បរិស្ថានខេត្ត រួមនិងមន្រ្តីពាក់ព័ន្ធ បាន អញ្ជើញដំណើរបំពេញទស្សនកិច្ចសិក្សា នៅក្រុមហ៊ុនជាច្រើន ដូចជា Wengfu Zijin Chemical Co., Ltd. ការដ្ឋានរ៉ែមាសនិងរោងចក្រផលិតមាសរបស់ក្រុមហ៊ុន ZIJIN ក្រុមហ៊ុន ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ ក្រុមហ៊ុន ផលិតសម្លៀកបំពាក់ និងសម្ភារៈបង្គុំ ក្រុមហ៊ុនផលិតថាមពលអគ្គីសនីដោយខ្យល់ធម្មជាតិតាមរយៈកង្ហាល់ សិប្បកម្មកែច្នៃថ្មម៉ាប ក្រុមហ៊ុនបញ្ជាទិញ Uptop ព្រមទាំងទស្សនកិច្ចនៅរោងចក្រផលិតកាបូបរបស់ក្រុមហ៊ុន HE TAI XING BAG CO.,LTD រោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន Huata (Fujian) Sports Goods Development Co.,Ltd. ។
កាលពីពេលថ្មីៗនេះប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា អភិបាល នៃ គណៈអភិបាលខេត្តស្ទឹងត្រែង ដែលបំពេញទស្សនកិច្ចនៅប្រទេសចិន គឺបានឈានទៅរកការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយវិនិយោគិនចិន ដើម្បីទាក់ទាញក្រុមហ៊ុននៃ ខេត្តហ្វូ ជាន នៃការបណ្តាក់ទុនវិនិយោគនៅខេត្តស្ទឹងត្រែង ដែលជាឱកាសសំរាប់ប្រជាពលរដ្ឋស្ទឹងត្រែង ហើយទទួលបានការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយរំពឹងថានិងអាចទាក់ទាញកៀរគរនូវការវិនិយោគិនទៅខេត្តស្ទឹងត្រែងដ៏ខ្លីខាងមុខនេះ ដែលជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ តែងតែគិតគូជានិច្ចចំពោះកិច្ចការអភិវឌ្ឍ និងទំនើបបកម្ម ហើយបានដាក់ចុះនូវកិច្ចចង្អុលការ និងដាក់ទិសដៅមកកាន់អាជ្ញាធរដោយធ្វើយ៉ាងណាឈោងចាប់ ក៏ដូចជាសហការជាមួយអ្នក វិនិយោគក្រៅប្រទេស ដើម្បីបង្កើតការងារឱ្យបានច្រើន សំរាប់ប្រជាពលរដ្ឋ៕
